(បន្ទាយមានជ័យ) ដោយមានការចង្អុលបង្ហាញពី ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦នេះ លោក ទូច ស៊ីផាត អគ្គនាយករង រដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) អមដំណើរដោយលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន ៥ ខ្សែ នៅក្នុងខេត្តបន្ទាយមានជ័យ។
លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖ ការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន ៥ខ្សែ នៅក្នុង នាពេលនេះរួមមានខ្សែផ្លូវ៖
១–ផ្លូវគោកសំរោង–ឧត្តរមានជ័យ ចាប់ពីឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ទៅដល់ព្រំប្រទល់ខេត្តឧត្តរមានជ័យ ប្រវែង៤.២៤គ.ម និងសាងសង់លូរំដោះទឹកគ្រប់ប្រភេទចំនួន៧កន្លែង។
២–ផ្លូវសំរោងកើត ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ប្រវែង៤.៥៤គ.ម និងសាងសង់លូរំដោះទឹកគ្រប់ប្រភេទចំនួន៣កន្លែង។
៣–ផ្លូវតាដួលចាប់ពីភូមិស្វាយសរ ទៅដល់ភូមិប្រាសាទវៀន ឃុំផ្គាំ ស្រុកស្វាយចេក ប្រវែង៣.៧១គ.ម និងសាងសង់លូរំដោះទឹកគ្រប់ប្រភេទចំនួន១៧កន្លែង និងស្ពានបេតុង១កន្លែងប្រវែង៣៩ម៉ែត្រ។
៤–ផ្លូវឈូក–សូត្រមន្តចាប់ពីភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ទៅដល់ភូមិសូត្រមន្ត ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ប្រវែង៦.៨៨គ.ម និងសាងសង់លូរំដោះទឹកគ្រប់ប្រភេទចំនួន១៤កន្លែង។
៥–ផ្លូវត្រាងចាប់ពីផ្លូវជាតិលេខ៥ ចំណុចភូមិគោកព្នៅ ឃុំបន្ទាយនាង ទៅដល់ភូមិពោធិពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ប្រវែង៣.៨១គ.ម និងសាងសង់លូរំដោះទឹកគ្រប់ប្រភេទចំនួន៦កន្លែង។
ក្នុងការចុះពិនិត្យនោះលោក ទូច ស៊ីផាត បានមានប្រសាសន៍លើកឡើងថា៖ ក្នុងអាណត្តិទី ៧នេះដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកបន្តវេនពីសម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងខិតខំបន្តអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសអភិវឌ្ឍផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ និងបេតុង ជាបន្តបន្ទាប់ដើម្បីឲ្យមានភាពធន់ក្នុងការបម្រើផលប្រយោជន៍របស់ប្រជាជននៅតាមជនបទ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះលោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានពុះពារគ្រប់ឧបសគ្គដើម្បីការពារ និងអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា បងប្អូន កូនក្មួយ ទាំងអស់ត្រូវមានជំនឿលើរាជរដ្ឋាភិបាល ជាពិសេស ជឿទុកចិត្តលើ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំ ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅអនាគត។
នៅក្នុងឱកាសនេះដែរ លោក អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) បានធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុនទទួលការសាងសង់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការអនុវត្តការងារឲ្យសម្រេចលទ្ធផលតាមផែនការ ដោយធានាឲ្យបាននូវសោភ័ណភាព និងគុណភាពតាមបទដ្ឋានបច្ចេកទេស ព្រមទាំងមានភាពធន់និងការប្រែប្រួលអាកាសធាតុ ក្នុងការប្រើប្រាស់រួមនៅក្នុងភូមិ ឃុំ ស្រុករបស់យើងទាំងអស់គ្នាបានយូរអង្វែង៕

