(បន្ទាយមានជ័យ)៖មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡុង ដាញ៉ែល ភេទប្រុស អាយុ១៨ឆ្នាំ បានរៀបរាប់ថា កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ រូបគេបានជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ផលិតឆ្នាំ២០២៦ ពាក់ផ្លាកលេខ សៀមរាប 1-AU 7160 ចំនួន០១គ្រឿង មកដល់ចំណុចការ៉ាស់សាំងមួយកន្លែងម្ដុំមណ្ឌល៣ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្រាប់តែមានក្រុមក្មេងទំនើងចំនួន០១ក្រុម មានគ្នា០៦នាក់ ជិះម៉ូតូចំនួន០២គ្រឿងរួមមាន៖ ម៉ាកហុដាស្កុបពី ០១គ្រឿង និងម៉ូតូ០១គ្រឿងទៀតមិនស្គាល់ម៉ាក បានធ្វើសកម្មភាពប្រើប្រាស់កាំបិតដេញកាប់រូបគេ បណ្ដាលឱ្យដួលម៉ូតូ ហើយក្រុមក្មេងទំនើងខាងលើ បានកាប់ម៉ូតូរបស់រូបគេ និងកាប់យកផ្លាកលេខរួចគេចខ្លួនបាត់។ ក្រោយពីបានទទួលបណ្ដឹងរួច កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវ រហូតកំណត់បានខសញ្ញា រហូតដល់វេលាម៉ោង០២និង០០នាទី ដល់ម៉ោង១៦និង០០នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៦នាក់៖ ១.ឈ្មោះ សំ សុភា ភេទប្រុស អាយុ១៦ឆ្នាំ, ២.ឈ្មោះ វុត្ថា ឆេងលី ហៅលីហ្វុង ភេទប្រុស អាយុ១៥ឆ្នាំ, ៣.ឈ្មោះ សិទ្ធ លឹមហេង ភេទប្រុស អាយុ១៥ឆ្នាំ, ៤.ឈ្មោះ ស៊ុន តួ ភេទប្រុស អាយុ១៥ឆ្នាំ, ៥.ឈ្មោះ ចន្ទ ហ៊ុនស៊ីង ហៅជីង ភេទប្រុស អាយុ១៥ឆ្នាំ, ៦.ឈ្មោះ ហ៊ឹម ហានហ្វា ភេទប្រុស អាយុ១៥ឆ្នាំរួមទាំងវត្ថុតាង ១.កាំបិតវែងដងដែក ប្រវែង ៦៣សង់ទីម៉ែត្រ ចំនួន ០១ដើម, ២.កាំបិតកែច្នៃ ប្រវែង ៥០សង់ទីម៉ែត្រ ចំនួន ០១ដើម, ៣.ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ផលិតឆ្នាំ២០២១ ចំនួន ០១គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ក្រុមរបស់ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់កាំបិតដេញកាប់ជនរងគ្រោះ និងម៉ូតូពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

