(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារត្រីមាសទី១និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ របស់កងរាជអាវុធហត្ថខេត្ត និងពិធីបំពាក់ស័ក្តិនិងប្រគល់សេចក្តីសម្រេចតម្លើងឋានន្តរស័ក្តិចំនួន៥រូប និងផ្លាស់ប្តូរមុខងារចំនួន៥រូប ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្ត។
កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរទាំង៧ លោក-លោកស្រី នាយការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទាំង៩ និលោកប្រធានស្នាក់ការសន្តិសុខផងដែរ។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ដោយក្តីនឹករលឹកផងដែរ។ ព្រមទាំងបានគោរពដល់ដួងវិញ្ញាណក្ខន្ធវរៈកងទ័ព ពិសេសអាវុធហត្ថដែលបានពលីនៅក្នុងសមរភូមិប្រយុទ្ធតតាំងជាមួយនឹងសត្រូវឈ្លានពាន និងការពារបូរណភាពទឹកដីនាពេលកន្លងមក។
ជាមួយនឹងកិច្ចការងារដែលសម្រេចបាននាពេលកន្លងមកលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងការកោតសរសើរដល់អាវុធហត្ថទាំងអស់ដែលបានខិតខំបំពេញតួនាទី ភារកិច្ច និងបម្រើពលរដ្ឋបានយ៉ាងល្អប្រសើរ។
ក្នុងនោះលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តក៏បានជម្រុញបន្ថែមដល់កម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុក្ខដាក់ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនឱ្យបានល្អប្រសើរ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ–សង្កាត់ មានសុវត្ថិភាព ឱ្យបានខ្ចាប់ខ្ជួន បង្ក្រាបរាល់បទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួនមានដូចជាក្មេងទំនើង ល្បែងស៊ីសង ពិសេសបទល្មើសគ្រឿងញៀនជាដើម។
សូមបញ្ជាក់ថា ក្នុងពិធីបំពាក់ស័ក្តិនិងប្រគល់សេចក្តីសម្រេចតម្លើងឋានន្តរស័ក្តិ និងផ្លាស់ប្តូរមុខងារ ក្នុងនោះលោកអនុសេនីយ៍ឯក តិល តៃលីវ នាយការិយាល័យសន្តិសុខផ្ទៃក្នុង មន្ទីរកសាងកម្លាំង បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសតែងតាំងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជំនួសលោកវរសេនីយ៍ត្រី នួន នីណារ៉ូ ដែលបានទទួលភារកិច្ចថ្មី ជានាយសេនាធិការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ក្រោយបញ្ចប់កិច្ចប្រជុំ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការង លោកប្រធានមន្ទីរទាំង៧ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថទាំង៩ ក៏បានជូនវត្ថុអនុស្សាវរីយ៍និងជូនពរដល់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នាពេលដ៏ខ្លីខាងមុខនេះផងដែរ៕

