បន្ទាយមានជ័យ ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងបងប្អូនភៀសសឹក នៅភូមិនៅវត្តពោធិ៍សូរិយារាម និងវត្តច័ន្ទស៊ី សាមគ្គីរតនារាម ដែលត្រូវចាប់ឆ្នោតជ្រើសរើសក្បាលដីនិងផ្ទះ ដើម្បីទៅរស់នៅបណ្ដោះអាសន្ន ផ្ទះរបស់បងប្អូនអតីតយុទ្ធជន ស្ថិតក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមឯកឧត្តម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូរជ្រៅផងដែរ។
ក្នុងឱកាសនោះដែរឯកឧត្តម អ៊ុំ រាត្រី ក៏បានពន្យល់ណែនាំអំពីនីតិវិធីនៃការចាប់ឆ្នោត និងបានបញ្ជាក់ថា ការចាប់ឆ្នោតជ្រើសរើសក្បាលដី និងផ្ទះ ពុំមែនជាការផ្ដល់ជម្រកដល់បងប្អូនរស់នៅជារៀងរហូតទេ។ ពោល គឺដើម្បីរស់នៅបណ្ដោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំការដោះស្រាយបញ្ហាព្រំដែនរួចរាល់ បងប្អូនអាចវិលត្រលប់ទៅភូមិឋានវិញបាន។
ឯកឧត្ដម អភិបាល ខេត្ត ក៏បានបញ្ជាក់អំពីជំហររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចកំពុងតែខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើការដោះស្រាយបញ្ហាព្រំដែនឱ្យឆាប់បានរួចរាល់ ឱ្យវិលត្រឡប់មកសភាពដើម ។
ឯកឧត្ដម អ៊ុំ រាត្រី ក៏បន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តការអត់ធ្មត់ និងជឿជាក់ទៅលើរាជរដ្ឋាភិបាលទៅលើបញ្ហានៃការដោះស្រាយព្រំដែន។
សូមបញ្ជាក់ថា ពលរដ្ឋភៀសសឹកដែលត្រូវចាប់ឆ្នោត មានភូមិព្រៃចាន់ ចំនួន៣២៣គ្រួសា រ និងភូមិជោគជ័យ ចំនួន៨៩០គ្រួសារ ។ ជាមួយគ្នានោះសម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលនៅសេសសល់ មិនទាន់បានចាប់ឆ្នោត អាជ្ញាធរនឹងធ្វើការសម្របសម្រួលជូនពួកគាត់ចាប់ឆ្នោត ដើម្បីឆាប់បានទៅរស់នៅទីតាំងបណ្ដោះអាសន្នថ្មី៕

