ខេត្តពោធិ៍សាត់៖លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងលើករាសី ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ។ពិធីនេះបានប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង នាយការិយាល័យ និងមន្ត្រីនគរបាលទូទាំងស្នងការដ្ឋានយ៉ាងច្រើនកុះករផងដែរ។
នាឱកាសនោះថ្នាក់ដឹកនាំបានធ្វើកិច្ចនមស្ការព្រះរតនត្រ័យ ថ្វាយគ្រឿងសក្ការបូជា ចំណីអាហារ និងភេសជ្ជៈ និមន្តព្រះសង្ឃសូត្រមន្ត ដើម្បីបណ្តេញគ្រោះចង្រៃទាំងឡាយ និងបួងសួងសុំសិរីសួស្តី ជ័យមង្គល ដល់ជួរកងកម្លាំងនគរបាលទាំងអស់។ ព្រះសង្ឃបានធ្វើការប្រោះព្រំទឹកមន្តដល់មន្ត្រីនគរបាល ដើម្បីជាការលើករាសី និងផ្តល់កម្លាំងចិត្តក្នុងការបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ថា ការរៀបចំពិធីនេះគឺធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណង ថែរក្សាប្រពៃណី លើកកម្ពស់ទំនៀមទម្លាប់សាសនា និងវប្បធម៌ខ្មែរដ៏ថ្លៃថ្លា បង្កើនភាពស្និទ្ធស្នាល និងសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ។ បួងសួងសុំសេចក្តីសុខក្នុងការចេញប្រតិបត្តិការការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មីផងដែរ៕


