បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព កាត់វិញ្ញាសា ប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ មណ្ឌលប្រឡខេត្តបន្ទាយមានជ័យ នៅពុទ្ធិកវិទ្យាល័យសម្តេច ជា ស៊ីម ស្ថិតនៅភូមិចក់ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ពិធីនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយមានការនិមន្ត អញ្ជើញចូលរួម ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណ ខេត្តបន្ទាយមានជ័យ (គណៈមហានិកាយ) ព្រះវរមុនី វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ (គណៈធម្មយុត្តិកនិកាយ) ព្រះមេគណខេត្តសៀមរាប បាត់ដំបង និងព្រះមុនីសីលវន្ត មុំ ឫទ្ធី ប្រធានប្រតិភូក្រសួងធម្មការនិងសាសនា ព្រមទាំងមានកាចូលរួមពីថ្នាក់ដឹកនាំក្រុង អាជ្ញាធរមូលដ្ឋាន សមណសិស្ស បេក្ខជន ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានបញ្ជាក់ឱ្យដឹងថា ការរៀបចំការប្រឡងថ្ងៃនេះ មានបេក្ខសមណសិស្សសរុបចំនួន ១៦៥ អង្គ/នាក់ ក្នុងនោះ បេក្ខសមណសិស្ស ដែលនិមន្តមកពីពុទ្ធិកវិទ្យាល័យរាជបូណ៌ ខេត្តសៀមរាប ចំនួន ៤១ អង្គ/នាក់ និងពុទ្ធិកវិទ្យាល័យអ៊ុង ធួង ខេត្តបាត់ដំបង ចំនួន ៩៣ អង្គ/នាក់ ពុទ្ធិកវិទ្យាល័យសម្តេចជា ស៊ីម ខេត្តបន្ទាយមានជ័យ ចំនួន ៣១ អង្គ/នាក់ ដែលបែងជាបន្ទប់ ស្មើ៧បន្ទប់។
នាឱកាសឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត បានមានប្រសសន៍ថា ការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យពុទ្ធិកសិក្សា ដែលជាមូលដ្ឋានសំខាន់ ក្នុងការបណ្តុះបណ្តាលព្រះសង្ឃឱ្យមានទាំងចំណេះដឹង សីលធម៌ និងគុណធម៌ ដើម្បីបន្តថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិ។
ឯកឧត្ដម បញ្ជាក់ថា ពុទ្ធិកសិក្សា គឺជាវិស័យមួយដែលមានតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានសមណៈឱ្យមាន សមត្ថភាពទាំងផ្នែកធម៌ និងវិទ្យាសាស្ត្រ។ ការសិក្សានៅពុទ្ធិកវិទ្យាល័យ មិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជួយអភិវឌ្ឍសីលធម៌ វិន័យ និងការរស់នៅប្រកបដោយគុណធម៌ ដែលជាគន្លងដ៏សំខាន់ក្នុងការបម្រើសង្គម ជាតិ និងសាសនា។
ជាមួយគ្នានោះ ឯកឧត្ដម អភិបាលខេត្ត ក៏បានជូនពរដល់សមណសិស្ស–បេក្ខជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រឡង ដោយស្មោះត្រង់ គោរពបទបញ្ជា និងវិន័យនៃការប្រឡង ប្រើប្រាស់ចំណេះដឹង និងសមត្ថភាពឱ្យបានពេញលេញ ដើម្បីទទួលបានលទ្ធផលល្អ និងអាចបន្តការសិក្សានៅពុទ្ធិកវិទ្យាល័យទាំងបីខេត្ត ដោយក្លាយជាធនធាន ដ៏មានតម្លៃសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិ៕

