(កំពង់ចាម) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ បានបំផុសស្មារតី និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរប្រាណប្រាសាទបុរាណដែលជាកេរ្តិ៍មរតករបស់បុព្វបុរសដូនតាខ្មែរ ដែលបន្សល់ទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយ សូមរួមគ្នាអភិរក្ស និងការពារ ជាពិសេស រួមគ្នាចូលរួមលើកតម្កើងវប្បធម៌ ប្រណីខ្មែរ ដែលជាដួងព្រលឹងជាតិ។ ការអំពាវនាវបែបនេះ ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បន្តយកចិត្តទុកដាក់ ត្រួតពិនិត្យ ទប់ស្កាត់ ការពារ ប្រាណប្រាសាទ ដីធ្លីរបស់ប្រាសាទ វត្ថុបុរាណ រូបចម្លាក់ ក្នុងប្រាសាទ ការពារឲ្យខានតែបាន មិនឲ្យជននរណា មករំលោភ បំពានជាដាច់ខាត ដើម្បីធានាឲ្យការរក្សាកេរ្តិ៍ដូនតាឲ្យបានគង់វង្សយូរអង្វែង។
ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តជំរុញដល់មន្ទីរវប្បធម៌ ខិតខំ ប្រឹងប្រែង ស្វែងរក វត្ថុបុរាណ ដើម្បីដាក់បញ្ចូលជាសម្បត្តិរបស់ជាតិឲ្យបានកាន់តែច្រើន យកមករក្សាទុក ធ្វើជាសារះមន្ទីរ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ចូលទស្សនា និងចងចាំពីគុណតំលៃនៃវប្បធម៌ជាតិ។ ទន្ទឹមនេះ មន្ទីរវប្បធម៌ ក៏ត្រូវចុះលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋចាប់មុខរបរ ត្បាញក្រមាខ្មែរ ដែលជាអត្តសញ្ញាណរបស់ជាតិខ្មែរពីដូនតា ដើម្បីជួយគាំទ្រ ទិញផលិតផលក្នុងស្រុក លើកកម្ពស់ ជីវភាពគ្រួសារអ្នកត្បាញក្រមា ឲ្យតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរតាំងពីបុរាណកាលមក៕

