(បន្ទាយមានជ័យ) មន្ទីរអធិការកិច្ចខេត្តបន្ទាយមានជ័យ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យរំដួល ក្រោមវត្តមានលោក ឯម នី អនុប្រធានមន្ទីរអធិការកិច្ចខេត្តបន្ទាយមានជ័យ និងក្រុមការងារ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមប្រមាណជាង ៣០០នាក់ ។ពិធីផ្សព្វផ្សាយបានធ្វើឡើងនៅបរិវេណអនុវិទ្យាល័យរំដួល ស្ថិតនៅក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេព្រះ ខេត្តបន្ទាយមានជ័យ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦។
លោក ឈឿង កែល ប្រធានការិយាល័យរដ្ឋបាល និងលោកស្រី ឆែប សំឡី ប្រធានការិយាល័យដោះស្រាយបណ្ដឹង បានឡើងធ្វើបទបង្ហាញច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកពីជំពូកនៃបទប្បញ្ញត្តិទូទៅទាំង ១២ជំពូក និង ៩២មាត្រា បង្ហាញពីស្លាកសញ្ញាចរាចរណ៍ជូនដល់សិស្សានុសិស្សបានដឹង បានយល់ បានស្គាល់ ពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ក្នុងឱកាសនោះលោក ឯម នី អនុប្រធានមន្ទីរអធិការកិច្ចខេត្តបន្ទាយមានជ័យ បាបមានមតិលើកឡើងថា៖ ពិធីផ្សព្វផ្សាយច្បាប់ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក នាពេលនេះគឺពិតជាមានសារៈសំខាន់ណាស់ដើម្បីចូលរួមអនុវត្តនិងពង្រឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យកាន់តែទូលំទូលាយ។ជាពិសេសឱ្យមហាជន និងសមីខ្លួនអ្នកបើកបរត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា។ ជាក់ស្តែងក្នុងគោលបំណងសំខាន់ៗរួមមាន៖
១,ការយល់ដឹងពីច្បាប់៖ បណ្តុះបណ្តាលឱ្យសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់អំពីស្លាកសញ្ញាចរាចរណ៍ និងបទបញ្ជាផ្សេងៗ។២,ការកាត់បន្ថយគ្រោះថ្នាក់៖ ជម្រុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងការគោរពច្បាប់ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងសហគមន៍។៣,ការបណ្តុះស្មារតីទទួលខុសត្រូវ៖ លើកទឹកចិត្តឱ្យយុវជនក្លាយជាគំរូដ៏ល្អក្នុងការប្រើប្រាស់ដងផ្លូវដោយមានសីលធម៌។
លោក ឯម នី ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ស្ដាប់ និងនាំយកចំណេះដឹងទាំងនេះទៅចែកចាយបន្តដល់ក្រុមគ្រួសារ និងមិត្តភក្តិ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលជាបញ្ហាប្រឈមក្នុងសង្គមបច្ចុប្បន្ន៕

