អភិបាល​ខេត្តប៉ៃលិ​ន ដឹកនាំ​កិច្ចប្រជុំ ត្រៀមរៀ​បចំព្រឹត្តិកា​រណ៍សង្ក្រាន្ត​ប៉ៃលិន ដើម្បីចូ​លរួម​អបអរ​សាទរទទួលទេ​វតាឆ្នាំថ្មី

(ប៉ៃលិន)លោកជំ​ទាវបណ្ឌិត​ បាន ស្រីមុំ អភិ​បាល នៃ​គណៈអភិបាលខេត្តប៉ៃលិន នា​រសៀល​ថ្ងៃទី​១១ ខែមិនា ឆ្នាំ២​០២៦ បាន​ដឹកនាំកិច្ចប្រជុំត្រៀម​រៀបចំព្រឹត្តិការណ៍​សង្ក្រាន្តប៉ៃលិន ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស ២៥៦៩ គ.ស ២០២៦ ដើម្បីចូលរួម​អបអរ​សាទ​រទទួល​ទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី» ក៏ដូចជាការចូល​រួមចំណែកលើ​កកម្ពស់វប្បធម៌​ប្រពៃណីជាតិខ្មែរ។

លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិ​បាលខេត្តប៉ៃលិន បានមានប្រសាសន៍​លើកឡើងថា៖ ដោយមា​នការណែ​នាំដ៏ ខ្ពង់ខ្ពស់របស់ សម្តេចមហា​បវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណា​ចក្រកម្ពុជា ក្នុងឱកាសអ​បអ​រសាទរពិធីបុណ្យចូ​លឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹង​ឈានចូលមកដល់ នាពេលខា​ងមុខឆាប់​នេះ រដ្ឋបាល​ខេត្ត គ្រោងនឹ​ងរៀបចំ ព្រឹត្តិការ​ណ៍សង្ក្រាន្តប៉ៃលិន ដើម្បីបង្កភាព​សប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មកលេងកំសាន្ត ដោយមាន​ការរៀបចំនូ​វលេងល្បែង​ប្រជាប្រិយ ការប្រគុំតន្ត្រីសម័យនាពេលរាត្រី និងលេងកម្សាន្តសប្បាយ ក្រោមម្លប់សុខ សន្តិភា​ព។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីចូលរួមអបអ​រសាទរស្វាគម​ន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តនឹងរៀប​ចំព្រឹ​ត្តិការណ៍​សង្ក្រាន្តប៉ៃលិន រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅបរិ​វេណវិមានឯករាជ្យ និងសួនច្បារមុខ សាលាខេត្ត ព្រមទាំងរៀបចំនៅតាមទីតាំងរមណីយដ្ឋាន និង​ទីវត្តអារា​មនានាក្នុងខេត្តប៉ៃលិនផងដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បន្តថា៖ ស្របពេលដែលព្រះ​រាជាណាច​ក្រកម្ពុជា មានសុខ​សន្តិភាព ស្ថិរភាពនយោបាយ ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី​នេះនឹងផ្តល់ឱកាសជូនដ​ល់បងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិអន្តរជាតិ មកចូលរួមអបអរសាទរ​ទទួលទេវតា​ឆ្នាំថ្មីព្រះនា​ម «រាក្សសាទេវី» ហើយក៏ជាឱកាសដ៏ល្អសម្រាប់ ការជួបជុំ ក្រុមគ្រួសាររបស់​បងប្អូនប្រជាពលរដ្ឋផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *