ខេត្តបន្ទាយមានជ័យ៖ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងលោក ឡាយ សុទ្ធី ជាប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ ជំនួសលោក យឹម ប៊ុនរ៉ុម ត្រូវបានចូលនិវត្តន៍ ។ពិធីនេះធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
បន្ទាប់ពីការប្រគល់អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ប្រគល់ត្រា និងការប្ដេជ្ញាចិត្តរបស់លោក ឡាយ សុទ្ធី រួចមក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ការស្នើសុំចំពោះលោក ឡាយ សុទ្ធី ធ្វើជាប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យជំនួស លោក យឹម ប៊ុនរ៉ុម គឺដែលមានការជឿទុកចិត្តខ្ពស់ ចំពោះចំណេះជំនាញពិតប្រាកដហើយក៏សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលដែលបានសម្រេចជ្រើសរើស ជ្រើសតាំងលោក ដែលមានស្នាដៃល្អគួរទុកចិត្តបាន ដើម្បីបន្តដឹកនាំវិស័យធនធានទឹកនិងឧតុនិយមសម្រាប់ខេត្តបន្ទាយមានជ័យទទួលបាន ភាពជោគជ័យបន្តទៀត។
ឯកឧត្ដម ថោ ជេដ្ឋា បានមានប្រសាសន៍ថា ពិធីប្រកាសតែងតាំងថ្ងៃនេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងធនធានទឹកនិងឧតុនិយមក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ព្រោះថា វិស័យគ្រប់គ្រងធនធានទឹកនិងប្រព័ន្ធ ជាវិស័យអាទិភាពខ្ពស់ ក្នុងនោះក៏បានធ្វើការអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់និងស្ដារជួសជុលកសាងទំនប់អាងនិងស្ដារប្រឡាយដើម្បីបម្រើដល់សេចក្ដីត្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ អាស្រ័យផលជាក់ស្ដែង។
ឯកឧត្ដមបានបន្តថា រយៈកាលកន្លងមក ថ្នាក់ដឹកនាំមន្ត្រីជំនាញទាំងអស់ពិតជាបានធ្វើការបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរហើយក៏សូមបន្តកិច្ចការលើវិស័យធនធានទឹកនេះឲ្យទទួលបានភាពជោគជ័យបន្តហើយក៏សូមធ្វើការ ឲ្យបានច្បាស់លាស់រវាងការអប់រំ ផ្សព្វផ្សាយអ្នកគ្រប់គ្រងទឹកនិងអប់រំផ្សព្វផ្សាយអ្នកប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវ៕

