រាជធានីភ្នំពេញ៖ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមករា ឆ្នាំ២០២៦ ដើម្បីលើកទិសដៅការងារ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ត្រូវបន្តពង្រឹងការបម្រើសេវាសុខាភិបាល នៅអង្គភាពរបស់ខ្លួន រាប់ចាប់ពីការទទួលបដិសណ្ឋារកិច្ច អនាម័យ ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសផ្តោតសំខាន់ៗ លើគុណភាពប្រសិទ្ធភាព សុវត្ថិភាពនៃការព្យាបាល ប្រកបដោយសមធម៌។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីគោលៗការណ៍សំខាន់ៗ មួយចំនួនដែលជាចក្ខុវិស័យក្នុងការកសាងសុខាភិបាល ទៅតាមក្បួនខ្នាត ស្តង់ដារ សមធម៌ ទំនើបកម្មទាន់សម័យ ហើយផ្តោតលើអ្នកជំងឺ និងអ្នកងាយរងគ្រោះខ្លាំង ប្រកដោយគុណភាព ដែលទុកចិត្តបាន ទទួលយកបាន ដោយមិនមានការរងគ្រោះ ចំណាយលើសពីការចាំបាច់ និងលើសលប់។
ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថា «គ្រូពេទ្យត្រូវដឹងពីសុខទុក្ខរបស់អ្នកជំងឺ» ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវមានផែនការច្បាស់លាស់ និងការត្រៀមទុកជាមុនគ្រប់ជំហាន ហើយត្រូវពង្រឹងគុណភាពនៃការថែទាំ ព្យាបាល ពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលតាមរយៈការបណ្តុះបណ្តាល ការពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនស្របតាមតម្រូវការ និងសុខាភិបាលឌីជីថល ស្របតាមយុទ្ធសាស្រ្តនៃវិធានការគន្លឹះក្នុងវិស័យសុខាភិបាល (គ.វ.ស)៕

