ខេត្តត្បូងឃ្មុំ៖ឯកឧត្ត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តា អមដំណើរដោយឯកឧត្តម លោកជំទាវ និងប្រធានមន្ទីរធម្មការនិងសាសនា ព្រមទាំងសប្បុរសជន បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ចែកជូនដល់គ្រួសារវីរៈកងទ័ព និងជនភៀសសឹក ចំនួន ២៧0 គ្រួសារ នៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះគ្រួសារវីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនៅតាមបណ្ដោយ ព្រំដែន និងបងប្អូនជនភៀសសឹក ដែលជានិច្ចកាល សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត តែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខ និងជីវភាពរស់នៅរបស់វីរៈកងទ័ព គ្រួសារវីរៈកងទ័ព ព្រមទាំងប្រជាជន គ្រប់ទីកន្លែង គ្រប់ពេលវេលា។
ឯកឧត្តមរដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណ និងដឹងគុណដល់វីរៈកងទ័ព វីរនគរបាលជាតិជួរមុខកម្ពុជា ដែលបានឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន និងសូមឱ្យប្រជាពលរដ្ឋ មានជំនឿចិត្តលើ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅជាមួយបងប្អូនគ្រប់កាលៈទេសៈនិងគ្រប់ដំណាក់កាល និងអបអរសាទរវីរៈកងទ័ពទាំង១៨នាក់ ដែលបានវិលត្រឡប់មកកាន់មាតុភូមិ និងជួបជុំក្រុមគ្រូសារជាទីស្រឡាញ់វិញ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត អាជ្ញាធរក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានជួយមើលថែ ទំនុកបម្រុងគ្រួសារវីរៈកងទ័ព និងរៀបចំទីតាំងសុវត្ថិភាពជូន គ្រួសារបងប្អូនភៀសសឹកដោយការយកចិត្តទុកដាក់ខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈដ៏លំបាកនេះស្មារតីរួមសាមគ្គី “ខ្មែរតែមួយ” ជួយគ្នាក្នុងគ្រាអាសន្ន កំពុងផុសផុលឡើងធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុងស្រុក និងក្រៅប្រទេស រួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ចូលរួមបរិច្ចាគ និងឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនដល់វីរៈកងទ័ព វីរនគរបាលជាតិ ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារវីរៈកងទ័ព វីរនគរបាលជាតិ ព្រមទាំងគ្រួសារបងប្អូនជនភៀសសឹក។ ទន្ទឹមនឹងនោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំ ជាច្រើនរូបទៀត ព្រមទាំងជឿជាក់លើវីរៈកងទ័ព វីរនគរបាលជាតិជួរមុខដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា៕

