ខេត្តបន្ទាយមានជ័យ៖ដោយមានការធ្វេសប្រហែសពី អាណាព្យាបាល បណ្ដាលឲ្យក្មេងៗចំនួនបីនាក់ បានលង់ទឹកស្លាប់ នៅភូមិអន្លង់ថ្ងាន់លិច នៃឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនាចុងសប្ដាហ៍កន្លងទៅនេះ សាខាកាកបាទក្រហមខេត្ត អនុសាខា បានអញ្ជើញចូលរួមបុណ្យសព និងបាននាំយកនូវអំណោយមនុស្សធម៌ និងថវិកាមួយចំនួនផ្ដល់ជូនដល់ក្រុមគ្រួសារនៃសពចំនួនបីនាក់ ទី១ មានឈ្មោះ ឆាយ សុជាតា ភេទស្រី អាយុ ៥ឆ្នាំ ,ទី២ ឈ្មោះ រ៉េន សុផា ភេទប្រុស អាយុ៣ឆ្នាំ និងទី៣ មានឈ្មោះ រឿម ឋាន:រ៉ា ភេទប្រុស អាយុ២ឆ្នាំ សពក្មេងបីនាក់នេះគឺជាបងប្អូននឹងគ្នា។
លោក ឃុនវុទ្ធី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមតំណាងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា មានទឹកចិត្តអាណិតជាពន់ពេក ចំពោះសពក្មេងៗ ហើយក៏ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនិងបានចូលរួមសោកស្ដាយចំពោះ ក្រុមគ្រួសារដែលបានបាត់បង់កូន ជាទីស្រឡាញ់ក្នុងនាមសាខាកាកបាទក្រហមខេត្ត ក៏សូមធ្វើការផ្ដាំផ្ញើក៏ដូចជាការអំពាវនាវដល់អាណាព្យាបាលទាំងអស់សូមកុំឲ្យមានការធ្វេសប្រហែស ចំពោះកូនចៅលេងទឹក ដោយគ្មានមនុស្សធំនៅក្បែរនោះឡើយ ។ គួរបញ្ជាក់ថា អំណោយមនុស្សធម៌របស់កាកបាទក្រហមនាពេលនេះ គ្រួសារសពនីមួយៗ ទទួលបានអង្ករ ៥០គីឡូក្រាម មីមួយកេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ទឹកសុទ្ធ៥យួរ ទឹកក្រូច ២កេស និងថវិកាមួយចំនួន។ ដោយឡែកអនុសាខាស្រុក និងអាជ្ញាធរមូលដ្ឋានបានផ្តល់នូវអង្ករ ៥០គីឡូក្រាម មី២កេសទឹកស៊ីអ៊ីវ ២យួរ និងថវិការមួយចំនួន៕

