បន្ទាយមានជ័យ ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសន្និសិទ វិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៩ ស្តីពីការអភិវឌ្ឍកសិកម្ម និងជនបទ ក្រោមប្រធានបទ ឧត្តមភាពបច្ចេកទេសកសកម្ម ដើម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលមានសិស្សនិស្សិត មកពីសាកលវិទ្យាល័យ និងវិទ្យស្ថាន ចំនួន១៤មកពីបណ្តាខេត្ត ដែលមានរយៈពេល២ថ្ងៃ (ចាប់ពីថ្ងៃទី០១ –០២ ខែធ្នូ ) ប្រារព្ធធ្វើឡើង នៅសាកលវិទ្យាល័យជាតិ មានជ័យ ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម ជា សឿន សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិមានជ័យ បានបញ្ជាក់ឱ្យដឹងថា ៖ សន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិស្តីពី ការអភិវឌ្ឍកសិកម្ម និងជនបទ ជាវេទិកាស្រាវជ្រាវថ្នាក់ជាតិដែលត្រូវបានផ្តួចផ្តើមដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកវិទ្យាសាស្រ្តវ័យក្មេង លើការងារសិក្សាស្រាវជ្រាវ និងបោះពុម្ពផ្សាយ លើវិស័យវិទ្យាសាស្រ្តកសិកម្មតាមគ្រឹះស្ថាន ឧត្តមសិក្សារបស់រដ្ឋ និងឯកជន។
ឯកឧត្ដម បន្តថា សន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិនេះត្រូវបានប្តូរវេនជារៀងរាល់ឆ្នាំ បច្ចុប្បន្នមានគ្រឹះស្ថានសិក្សា និងវិទ្យាស្ថានសហការបក្នុងការរៀបចំមានចំនួន១៤។ ហើយនៅឆ្នាំ២០២៥នេះ សន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិ លើកទី៩ ត្រូវប្រារព្ធនៅសាកលវិទ្យាល័យជាតិមានជ័យ ដែលជាគ្រឹះស្ថានឧត្តមសិក្សាសា ធារណៈស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
នាឱកាសនោះឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានជំរុញដល់ សាកលវិទ្យាល័យ ពិសេសមហាវិទ្យាល័យកសិកម្ម បង្កើតឱ្យមានការប្រកួតប្រជែង ស្នាដៃរបស់និស្សិត ក្នុងការកែច្នៃផលិតផលកសិកម្មផ្សេងៗ ដែលយើងមានស្រាប់ ដើម្បីចូលរូមលើកកម្ពស់ផលិតផលកសិកម្ម ក្នុងស្រុករបស់យើង កាត់បន្ថយការនាំចូលពីប្រទេសជិតខាង និងផ្តល់ឱ្យសិស្សនិស្សិតមានការស្រាវជ្រាវឱ្យបានទូលំទូលាយ សិក្សាពីវិស័យកសិកម្ម ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាទំនើប អាចប្រើប្រាស់ក្នុងវិស័យកសកម្ម។ ឯកឧត្តម បន្តថា បច្ចេកវិទ្យា និងធ្វើឱ្យវិស័យអប់រំកាន់តែមានភាពរីកចម្រើន តាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ជួយអោយសិស្សទទួលបានចណេះដឹងថ្មីៗ ។ ឯកឧត្តម បន្តថា វិស័យកសិកម្មដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នដំណាំកសិកម្មសំខាន់ ត្រូវបាននាំចេញទៅក្រៅប្រទេស ដោយសារយើងផលិតពូជបានល្អ ។
ឯកឧត្ដម បញ្ជាក់ ថា បច្ចុប្បន្ន កសិករមានការអភិវឌ្ឍកែប្រែទម្លាប់ពីការដាំដុះពីប្រពៃណី ទៅជាកសិកម្មឆ្លាតវៃ ។ ១–ការផលិតពូជស្រូវរបស់កសិករមានទន្និផលខ្ពស់ មានគុណភាពជាប់លំដាប់ថ្នាក់នាំចេញទៅក្រៅប្រទេស , ២–ការប្រើប្រាស់គ្រឿងយន្ត និងទី៣–ការប្រើប្រាស់ភាពឆ្លាតវៃរបស់កសិករ ដោយបច្ចេកទេស ក៏ដូចជាប្រើប្រាស់ជីត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ថែរក្សាគុណភាពដី។
សូមបញ្ជាក់ថា សាកលវិទ្យាល័យ និងវិទ្យាស្ថាន ទាំង១៤ ដែលបានចូលរួម ក្នុងនោះមាន ៖ ១. សាកលវិទ្យាល័យជាតិមានជ័យ, ២. សាកលវិទ្យាល័យភូមិន្ទកសិកម្ម, ៣. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ៤. សាកលវិទ្យាល័យស្វាយរៀង, ៥. សាកលវិទ្យាល័យជាតិបាត់ដំបង, ៦. សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ, ៧. សាកលវិទ្យាល័យក្រចេះ, ៨. សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ, ៩. សាកលវិទ្យាល័យអន្តរជាតិ, ១០. វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប, ១១. វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម, ១២. វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល, ១៣. វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ,១៤. វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)៕

