(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សទាំងអស់ក្នុងស្រុកកំពង់សៀមដែលទើបបានប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤–២០២៥ ឱ្យសិក្សានៅក្នុងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ការប្រកាសនេះធ្វើឡើងនាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ខណៈពេលដែល ឯកឧត្ដម អញ្ជើញចូលរួមនៅក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សក្នុងស្រុកកំពង់សៀម ដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ចាម ។
នាឱកាសនោះឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជម្រាបផងដែរថា នៅក្នុងឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានាបានផ្ដល់អាហារូបករណ៍ជាច្រើនពាន់កន្លែងសម្រាប់សិស្សានុសិស្សដែលទើបប្រឡងជាប់បាក់ឌុបនៅក្នុងឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី បានប្រកាសថា ចំពោះសិស្សានុសិស្សក្នុងស្រុកកំពង់សៀម ដែលមិនទទួលបានអាហារូបករណ៍ទាំងនោះ ឯកឧត្តមនឹងផ្ដល់អាហារូបករណ៍ជូនពួកគេគ្រប់ៗគ្នា ដើម្បីបន្តការសិក្សានៅក្នុងគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលស្ថិតក្រោមឱវាទរបស់ក្រសួង ទោះបីជាពួកគេប្រឡងជាប់ ឬធ្លាក់ក៏ដោយ ៕

