ជនសង្ស័យ២នាក់ មានម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងម្នាក់ទៀតពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន ត្រូវបានកងរាជឣាវុធហត្ថ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ឣនុវត្តតាមនីតិវិធី

(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងបន្ទាន់ពីប្រជាពលរដ្ឋ ស្ដីពីករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តនៅចំណុចមុខកាស៊ីណូហ្គោលវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កដោយជនសង្ស័យឈ្មោះ ស៊ា សុវណ្ណ  ភេទប្រុស អាយុ៥៤ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ សន ចាន់ធី  ភេទប្រុស អាយុ៤២ឆ្នាំ បណ្ដាលឱ្យរងរបួសធ្ងន់។

ក្រោយពីទទួលបានព័ត៌មានខាងលើលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចាត់ឱ្យកម្លាំងជំនាញចុះធ្វើការអន្តរាគមន៍ដល់ទីតាំងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ខាងលើ ព្រមទាំងដកហូតវត្ថុតាងពូថៅ ចំនួន០១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ នឹងបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនវិជ្ជមាន(+)។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារខ្លួនបានទៅទិញគ្រឿងញៀនប្រភេទទឹកកក ចំនួន១៥.០០០រៀល ពីជនរងគ្រោះ តែបែរជាជនរងគ្រោះលក់គ្រឿងញៀនក្លែងក្លាយមកឱ្យខ្លួនទៅវិញ ដោយសារតែខឹងហ្នឹងជនរងគ្រោះ ខ្លួនក៏បានកាន់ពូថៅទៅទារលុយពីជនរងគ្រោះវិញ ទើបបង្កជាជម្លោះ ហើយខ្លួនក៏កាប់ទៅលើជនរងគ្រោះតែម្ដង។

ដោយស្ថានភាពរងរបួសធ្ងន់របស់ជនរងគ្រោះរបួសធ្ងួនទើបបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត(ដីថ្មី) ។ដោយផ្អែកលេីចម្លេីយសារភាព និងទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វេីការឃាត់ខ្លួនឈ្មោះ សន ចាន់ធី (ជាជនរងគ្រោះ) ពីករណីជួញដូរគ្រឿងញៀនបន្តទៀត ហើយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌរួមនឹងការិយាប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *