មន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំស្ដីពី ការពង្រឹងប្រសិទ្ធភាពការអនុវត្តគម្រោង ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី ការពង្រឹងប្រសិទ្ធភាពការអនុវត្តគម្រោង ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីជំនាញដែលជាសមាសភាពអនុវត្តគម្រោង នៃក្រសួងអភិវឌ្ឍន៍ជនបទ ។

ក្នុងឱកាសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់អំពីការគ្រប់គ្រងគម្រោងនាពេលនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពឱ្យស្របតាមគោលការណ៍រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ និងស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសអភិក្រមនៃកំណែទម្រង់ដែលជោគជ័យរួមមាន៖ ទី១.ត្រូវមានចក្ខុវិស័យច្បាស់លាស់ដើម្បីប្រយោជន៍ជាតិ ទី២.ត្រូវការប្តេជ្ញាចិត្តខ្ពស់ ទី៣.ត្រូវមានការចូលរួមដោយស្មោះត្រង់ និងទី៤.ត្រូវមានការលះបង់ ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់ជាអនុសាសន៍មួយចំនួនជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងការអនុវត្តការងារស្របតាមតួនាទី ភារកិច្ច ដែលខ្លួនទទួលខុសត្រូវ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារ និងមានភាពធន់៕

Leave a Reply

Your email address will not be published. Required fields are marked *