ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងការពារសន្តិសុខសុវត្ថិភាព ជូនឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិរង់ចាំ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានដឹកនាំកម្លាំងនគរបាលជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដើម្បីដាក់ពង្រាយកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរអន្តរាគមន៍ការពារនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូបើកស្លាក «ភូមិរង់ចាំ» (ចារឹកលើថ្ម) និងចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកតាមខ្នងផ្ទះ ដែលកំពុងរស់នៅទីតាំងផ្ទាល់ ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ដើម្បីធានាបាននូវសុវត្ថិភាពមួយរយភាគ រយ និងដំណើរការកម្មវិធីប្រព្រឹត្តទៅដោយរលូន លោកឧត្តមសេនីយ៍ត្រី ស្នងការ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការការពារ តាមដានសភាពការណ៍ និងឈរជើងប្រចាំការតាមគោលដៅនីមួយៗប្រកបដោយស្មារតីទទួលខុសត្រូវ។

ការរៀបចំសណ្តាប់ធ្នាប់ និងការសម្រួលចរាចរណ៍ជូនក្បួនដំណើរបេសកកម្មថ្នាក់ដឹកនាំជាន់ខ្ពស់នេះ មិនត្រឹមតែជាតួនាទីស្នូលរបស់កងកម្លាំងនគរបាលជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាចម្បងក្នុងការធានាស្ថេរភាពមូលដ្ឋាន ព្រមទាំងផ្តល់នូវភាពកក់ក្តៅ និងជំនឿទុកចិត្តយ៉ាងមុតមាំជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *