ខេត្តកំពង់ចាម៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រកម្រិត បរិញ្ញបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិសិ្សតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME) សាខាខេត្តកំពង់ចាម ។
នាឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម រហូតមានអគារផ្ទាល់ខ្លួនធំទូលាយ។ លទ្ធផលនេះ បានឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះ នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម អភិបាលកិច្ចល្អ និងធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព សមធម៌ ស្របតាមចក្ខុវិស័យប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ព្រមទាំងឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ច វប្បធម៌ នយោបាយ ក្នុងបរិបទនៃសហគមន៍អាស៊ាន និងសាកលភាវូបនីយកម្ម ៕

