(កំពង់ចាម)៖នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានរៀបចំប្រារព្ធពិធីស្រង់ព្រះ នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ថ្ងៃទី៣ (ថ្ងៃឡើងស័ក) ក្រោមព្រះរាជធិបតីភាពភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅបរិវេណខាងមុខសាលាខេត្តកំពង់ចាម។
ពិធីដ៏ឱឡារិក និងមានអត្ថន័យដ៏វិសេសវិសាលនេះ មានការនិមន្តពីព្រះមន្ត្រីសង្ឃ ចំនួន១០៨ អង្គ ប្រោះព្រំព្រះពុទ្ធមន្តចម្រើនសិរី និងព្រះរាជទានយ័ន្ត ចំនួន ១០.០០០សន្លឹក ជូនដល់ប្រជាពលរដ្ឋ មកលេងកម្សាននាខេត្តកំពង់ចាមដែលមកចូលរួម ដើម្បីពង្រឹងសេចក្ដីសុខផ្នែកផ្លូវចិត្ត នារសៀលថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាថ្ងៃឡើងស័ក ឬថ្ងៃឆ្លង ដែលគេប្រារព្ធពិធីស្រង់ទឹករូបបដិមាព្រះពុទ្ធ ប្រោះព្រុំសុំសេចក្តីសុខ ជូនវីរកងទ័ពនិង ធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី ក្នុងបុព្វហេតុជាតិមាតុភូមិ។
គួរបញ្ជាក់ថា ពិធីស្រង់ទឹកព្រះពុទ្ធរូបនៅពេលល្ងាច អាស្រ័យលើទំនៀមទម្លាប់នៃស្រុកនីមួយៗ។ ពិធីបុណ្យចូលឆ្នាំថ្មីនេះ ក៏មានការលេងល្បែងប្រជាប្រិយ និងការកម្សាន្តសប្បាយផ្សេងៗផងដែរ។
ក្នុងពិធីនេះដែរ សម្តេចបានយាងដឹកនាំព្រះសង្ឃ ១០៨ អង្គ ប្រោះព្រំព្រះពុទ្ធមន្តចម្រើនសិរី និងព្រះរាជទានយ័ន្ត ចំនួន ១០.០០០ សន្លឹក ជូនដល់ប្រជាពលរដ្ឋ ដែលមកចូលរួម ដើម្បីពង្រឹងសេចក្ដីសុខផ្នែកផ្លូវចិត្តផងដែរ៕

