បន្ទាយមានជ័យ៖ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០២៦ នាពេលខាងមុខនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយ ស.ស.យ.កខេត្ត និងក្រុមហ៊ុន វតនៈ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានធ្វើការរៀបចំបុណ្យសង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមី នៅមណ្ឌលជនភៀសសឹក វត្តចាន់ស៊ី ស្រុកអូរជ្រៅ ដើម្បីបង្ហាញអារម្មណ៍ស្មារតីខ្មែរតែមួយ ក្នុងន័យសាមគ្គីគាំទ្រ ការពារ ម្យ៉ាងវិញទៀត ក្នុងការបើកសង្ក្រាន្តឆ្នាំថ្មីនេះផងដែរ គេសង្កេតឃើញបងប្អូនជនភៀសសឹក មានភាពសប្បាយរីករាយ ក្នុងការលេងល្បែងប្រជាប្រិយ ផ្សេងៗ ធ្វើឲ្យពួកគាត់ បាត់នូវទុក្ខសោកលំបាក បានមួយគ្រា រំសាយអារម្ភខ្លះពីការបាត់បង់ដីធ្លីផ្ទះសម្បែងដោយសារពពួកចោរសៀមឈ្លានពានហ៊ុំព័ទ្ធបន្លាលួសដាក់ទូកុងទីន័រមិនឲ្យពួកគាត់ចូលទៅរស់នៅលើទឹកដីខ្លួនឯងបាននេះ គឺជាទង្វើឈ្លានពានយ៉ាងពិតប្រាកដ។ ក្រៅពីការលេងកម្សាន្ត ក៏មានការផ្តល់នូវអំណោយមនុស្សធម៌ជាស្បៀងនិងសម្ភារៈចាំបាច់ជូនដល់ក្រុមគ្រួសារជនភៀសសឹកទាំងអស់ ពីក្រុមហ៊ុនវឌ្ឍនៈ។ នៅក្នុងកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភារដ្ឋសភា។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការរៀបចំសង្ក្រាន្តឆ្នាំថ្មី នៅមណ្ឌលភៀសសឹកនៅឆ្នាំនេះ គឺដើម្បីលើកទឹកចិត្តបង្ហាញ នូវអារម្មណ៍ស្មារតីខ្មែរតែមួយ និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនភៀសសឹក នឹងចូលរួមថែរក្សា ការពារប្រពៃណីវប្បធម៌ខ្មែរដ៏ល្អផូរផង់របស់យើង។ ថ្លែងទៅកាន់បងប្អូន ក្នុងឱកាសនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តថា ស្មារតីខ្មែរតែមួយ ជួរក្រោយនាំស្នាមញញឹម និងកម្លាំងចិត្ត ជួយដល់បងប្អូនជនភៀសសឹក ទោះក្នុងកាលៈទេសៈណាក៏ដោយ ក្រោមការផ្ដួចផ្ដើម របស់សហភាពសហព័ន្ធយុវជនកម្ពុជាសហការជាមួយក្រុមហ៊ុនវឌ្ឍនៈកម្មវិធីសង្ក្រាន្តភៀសសឹក ក្នុងគោលបំណងចែករំលែកនូវក្ដីអាណិតស្រឡាញ់ បាននាំយកនូវអំណោយចាំបាច់មួយចំនួនជូនដល់បងប្អូនជនភៀសសឹក ទង្វើនេះគឺជាការផ្តល់ជួយជ្រោមជ្រែង គ្នាទៅវិញទៅមក ដែលបញ្ជាក់ពីសាមគ្គីភាពដ៏រឹងមាំនៃមហាគ្រួសារខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរខ្លាំង៕

