(ប៉ៃលិន)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងសង្ស័យមួយកន្លែង ដែលទើបតែលួចចូលមកប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាតំបន់ឆ្ងាយពីទីប្រជុំជន។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការចូលរួមសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសមួយចំនួន។
ការចុះបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីរកឃើញថា ក្រុមជនសង្ស័យបានលួចលាក់រក្សាទុកឧបករណ៍សម្រាប់បម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមានការស្នាក់នៅខុសច្បាប់ ដែលផ្ទុយនឹងអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។ បច្ចុប្បន្ន អាជ្ញាធរបានសម្រេចបិទខ្ទប់ទីតាំងនោះជាបណ្ដោះអាសន្ន ខណៈមនុស្សចំនួន ១៧ នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។
យោងតាមការបញ្ជាក់ពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) យុទ្ធនាការបោសសម្អាត Online Scams នៅទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធររាជធានី–ខេត្ត បានបង្ក្រាប និងបិទខ្ទប់ (Sealed) ទីតាំងសរុបចំនួន ២៣៦ កន្លែង។ ក្នុងនោះរួមមាន ទីតាំងកាស៊ីណូចំនួន ៩១ កន្លែង និងប្រភេទបុរី វីឡា ខុនដូ ព្រមទាំងលំនៅឋានចំនួន ១៤៥ កន្លែង។
ដោយឡែក របាយការណ៍របស់ក្រសួងយុត្តិធម៌បានបង្ហាញថា ក្នុងរយៈពេល ៨ ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបចំនួន ៧៩ សំណុំរឿង ដោយបានផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧ នាក់ (ដែលមានច្រើនសញ្ជាតិ រួមទាំងសំណុំរឿងធំៗដូចជាករណី ចេន ស៊ី និង លី គួងជាដើម)៕

