(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវឡើងសាកលវិទ្យាល័យUME ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់សរុប០៥នាក់ ១–ឈ្មោះ អៀវ ភិរម្យ ហៅ យ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ(ជួញដូរ និងប្រើប្រាស់), ២–ឈ្មោះ វឹង យ៉ាវ ភេទប្រុស អាយុ ២៧ឆ្នាំ(ជួញដូរ សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់), ៣–ឈ្មោះ វឹង ប៊ុនយ៉ាវ ហៅ ប៉ូយ ភេទប្រុស អាយុ ២៤ឆ្នាំ(ប្រើប្រាស់), ៤–ឈ្មោះ ហ៊ី លីហៀង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ(ប្រើប្រាស់), ៥–ឈ្មោះ ហួត ដាណេ ហៅ ដា ភេទប្រុស អាយុ ២១ឆ្នាំ(ប្រើប្រាស់)។ ក្នុងប្រតិបត្តិការ កម្លាំងបានដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន១៤កូនថង់កិប ទម្ងន់ ៨,១៤ក្រាម (ថ្លឹងទាំងសម្បកថង់), ម៉ូតូចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន០៥គ្រឿង រួមនឹងសម្ភារៈសម្រាប់ប្រាស់គ្រឿងញៀនមួយចំនួន ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន ជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី៕

