(បន្ទាយមានជ័យ) គណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត(PTB) បានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តត្រីមាសទី២ ។កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង ខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ នាថ្ងៃអង្គារ៍ ទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកស្រី សំរិទ្ធ សូរ្យជាតិ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត និងជានាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ លោក លោកស្រី អភិបាល.អភិបាលរង ក្រុង ស្រុក ទាំង៩ និងតំណាងអង្គការដៃគូ។
លោកស្រី សំរិទ្ធ សូរ្យជាតិ បានឡើងរាយការណ៍ និងធ្វើបទបង្ហាញអំពីវឌ្ឍនភាពរបស់វិទ្យាស្ថាន និងលើកទិសដៅបន្តសម្រាប់ការបណ្ដុះបណ្ដាលកម្មវិធី១.៥លាននាក់ ក្នុងនោះដែរលោកស្រីបានលើកពីបញ្ហាប្រឈម និងសំណូមពរទៅដល់អាជ្ញាធរក្រុង ស្រុក និងតំណាងអង្គការដៃគូ នៅក្នុងខេត្តបន្ទាយមានជ័យ។ជាពិសេស ដើម្បីពិភាក្សាយន្តការនៃការជ្រើសរើសសិស្សឲ្យមានចំណាប់អារម្មណ៍ចូលសិក្សាលើជំនាញបច្ចេកទេសឲ្យបានកាន់តែច្រើនជាងមុន និងដោះស្រាយជាមួយកម្មវិធីសិក្សាឲ្យស្របទៅនឹងតម្រូវការរបស់ក្រុមហ៊ុន សហគ្រាសដែលពួកគាត់ចង់បាន។
ថ្លែងនៅក្នុងឱកាសនោះលោក យឹម សំណាង បានមានប្រសាសន៍ថា៖កិច្ចប្រជុំនាពេលនេះ មានសារៈសំខាន់ណាស់ ព្រោះវាជាឱកាសក្នុងការពិនិត្យមើលនូវអ្វីដែលយើងសម្រេចបានក៏ដូចជាបញ្ហា ប្រឈមនានា ក្នុងយុទ្ធនាការថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់។ជាពិសេសការពិនិត្យឡើងវិញនូវត្រីមាសទី១ ក្នុងរយៈពេល ៣ខែកន្លងមកនេះ ក្នុងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើការចុះឈ្មោះ ការរៀបចំវគ្គបណ្តុះបណ្តាល និងការផ្សព្វផ្សាយ។
លោក អភិបាលរង ខេត្ត បានបញ្ជាក់ថា៖ វេទិកានេះដើម្បីពិភាក្សាដោយត្រង់ទៅត្រង់មកនូវ៖
–តួលេខសិស្សដែលបានចូលរៀនជាក់ស្តែង។
–គុណភាពនៃការបង្រៀន និងសម្ភារឧបទេស។
–វឌ្ឍនភាពនៃកម្មវិធីវាយតម្លៃការសិក្សាពីមុន (Recognition of Prior Learning -RPL) ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្តល់វិញ្ញាបនបត្រជូនដល់កម្មករ និយោជិត ឬអ្នកដែលមានជំនាញស្រាប់ ប៉ុន្តែខ្វះខាតសញ្ញាបត្រផ្លូវការ។
លោក យឹម សំណាង ភាពជោគជ័យនៃកម្មវិធីនេះ មិនមែនអាស្រ័យលើបុគ្គលណាម្នាក់នោះទេ ប៉ុន្តែវាជា លទ្ធផលនៃកិច្ចសហការរួមគ្នា (Synergy)។ លោកសង្ឃឹមថា សមាជិកអង្គប្រជុំទាំងអស់នឹង ចូលរួមមតិយោបល់ឱ្យបានផុសផុល ដើម្បីឱ្យផែនការសកម្មភាពត្រីមាសទី ២ របស់យើង ក្លាយជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ៕

