អភិបាល ខេត្តបន្ទាយ​មានជ័យ​ ហាម​មិនឱ្យ​ល្បែង​ជះ​ទឹកមា​ន​ពណ៌ ទឹកកខ្វក់​ គប់​ស្បោងទឹក លៀប​ធ្យូង ប៉ាត​ម្សៅ ដល់អ្នកដំ​ណើ​រតា​មដ​ងផ្លូវ

បន្ទាយមា​នជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជា​ប្រធាន​គ​ណៈបញ្ជាកា​រឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំ​កិច្ចប្រជុំគ​ណៈបញ្ជាការ​ឯក​ភាពរដ្ឋបា​លខេត្ត។កិច្ចប្រជុំនេះបានប្រារព្ធធ្វើ​នៅ​សាលប្រជុំ ក សា​លាខេត្តបន្ទាយ​មានជ័យដោយ​មានការ​ចូលរួម​គណៈអភិ​បាលរងខេត្ត ស្ថាប័​នតុលាការ មេបញ្ជា​ការកងកម្លាំងទាំងបី រដ្ឋបាលក្រុងស្រុកទាំង៩ មន្ទីរ អង្គភាព​ពាក់ព័ន្ធជុំវិញខេត្តផងដែរ។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធា​នគណៈបញ្ជា​ការឯក​ភា​ពរដ្ឋ​បាលខេត្ត ក៏បា​នថ្លែងអំណរគុណ​យ៉ាងជ្រា​លជ្រៅចំ​ពោះវីរៈ​ក​ងទ័ពទាំងអស់ ដែលបានលះ​បង់គ្រប់បែ​បយ៉ាង ក្នុងកិច្ចការពា​របុព្វហេតុជាតិមាតុភូមិ ការពារបូរណភាពទឹ​កដីពីការឈ្លានពា​នរបស់ត្រូវប្រទេស​ជិតខាងនាពេលកន្លងមក ខ្លះរងរបួស និងបានពលីនៅក្នុងសមរភូមិ។

ស្រ​បពេលដែល​បុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរនឹងឈា​នចូលមក​ដល់ពេ​លឆាប់ៗ ​ឯកឧត្តម អភិបា​លខេត្ត ក៏​បានណែ​នាំ ដល់​មន្ទីរ អង្គភា​ពពាក់ព័ន្ធ ត្រូវចា​ត់តាំ​ងការ​សម្តែង​សិល្បៈ និងទ​ស្ស​នីយ​ភាព ជូនប្រជា​ពលរដ្ឋទ​ស្សនា​កំសាន្តតា​មទី​សា​ធារណៈ និងបំ​ផុសក្នុង​ការ​ចា​ត់តាំងលេង​ល្បែង​ប្រជា​ប្រិយកំ​សាន្ត តា​ម​ទីសា​ធារណៈ​ និងច​លនា​ប្រជាពលរដ្ឋចូ​លរួមឱ្យបាន​ផុលផុសក្នុង​ការ​លេង​ល្បែ​ងប្រ​ជាប្រិយ ដូចជា​ ចោ​លឈូង បោះអង្គុញ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកំ​សាន្តស​ប្បាយ តាមរមណី​យដ្ឋា​នប្រវត្តិសាស្ត្រនា​នា តាមទីវត្តអា​រាម ទីប្រជុំជន ភូមិ ឃុំ សង្កាត់ តាមទ​ម្លាប់​នៃ​តំបន់នីមួយៗ ដើម្បីអប់រំ និងបង្ហាញឱ្យយុវវ័យជំនាន់ក្រោយបានយល់ដឹង និងឃើញ ហើយ​បន្តវេនរ​ក្សាឱ្យបាន​គង់វង្ស នូវប្រពៃ​ណីដ៏ល្អបវររបស់ជាតិយើង។

ក្នុងនោះ​កងកម្លាំង​ទាំង៣ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ក្រុងស្រុក ត្រូវមានផែនការ​ណែនាំ​ជាក់​ស្តែង ដល់អង្គភាពក្រោមឱវាទ ចាត់តាំងក្រុមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង បង្កើន​កិច្ចសហកា​រការពារ ជាពិ​សេសរាល់អំពើ ឬល្បែងទាំងឡាយ​ណា ដែលនាំឱ្យខាតបង់អន្តរាយទ្រព្យសម្បត្តិ នាំឱ្យ​មាន​គ្រោះថ្នាក់ ប៉ះពាល់​ដល់កិត្តិយស ផ្ទុយ​ពីប្រពៃណីថ្លៃថ្នូររប​ស់ជាតិ ដូចជា ការប្រើអំពើ​ហិង្សា បណ្តាលមកពីការ​រាំកំសាន្ត ជា​ន់ជើង ប៉ះទង្គិចបន្តិចបន្តួច ការ​លេងល្បែងស៊ីសង ល្បែង​ភ្នាល់​ផ្សេងៗ ល្បែងជះទឹកមានពណ៌ ទឹកកខ្វក់ គប់ស្បោងទឹក លៀបធ្យូង ប៉ាតម្សៅ ដល់អ្នក​ដំណើរតាមដងផ្លូវ ត្រូវ ហាមឃាត់ជាដាច់ខាត៕

Leave a Reply

Your email address will not be published. Required fields are marked *