ប៉ៃលិន៖លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន, ឯកឧត្តមតំណាងរាស្ត្រ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម សុទ្ធ ឃុនថាល់ និង ឯកឧត្តម ហ៊ាន រចនាសមាជិកក្រុមប្រឹក្សាខេត្ត ដែលបច្ចុប្បន្នមានជម្ងឺកំពុងសម្រាកព្យាបាល នៅឯគេហដ្ឋានផ្ទាល់ខ្លួន នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា និងភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសម្ដែងនូវមនោសញ្ចេតនានឹករលឹក និងបានពាំនាំការ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមិត្តភក្តិរួមការងារ ជូនចំពោះ ឯកឧត្តម សុទ្ធ ឃុនថាល់ និងឯកឧត្តមហ៊ាន រចនា សមាជិកក្រុមប្រឹក្សាខេត្ត និងជូនពរឱ្យឆាប់បានជាសះស្បើយពីរោគាដោយមានសុខភាពល្អប្រសើ ដើម្បីចូល បម្រើការងារឡើងវិញជូនជាតិ និងប្រជាជន។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណដល់ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តទាំង ២រូប ដែលកន្លងមកបានបំពេញការងារយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងការបម្រើដល់ប្រយោជន៍សម្រាប់ប្រជាជនពីព្រោះក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រួលគោលបំណងក្នុងការបង្កើត, ការជំរុញ និងការធ្វើ ឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងដើម្បីបំពេញភារកិច្ចដែលបានប្រគល់ និងបានធ្វើ ប្រតិភូកម្មតាមច្បាប់ ឬដែលស្របតាមច្បាប់ ជាពិសេសត្រូវមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋទាំងអស់ អំពីជម្រើសជាអាទិភាព សម្រាប់ធ្វើការអង្កេតលើករណីទាំងឡាយណាដែលខ្លួនយល់ឃើញថា មានសារៈសំខាន់ដល់ ប្រជាពលរដ្ឋ ព្រមទាំងអាចផ្សព្វផ្សាយលទ្ធផលនៃការធ្វើអង្កេតនោះ រួចហើយត្រូវធ្វើគោលការណ៍ណែនាំអនុវត្តដល់ គណៈអភិបាល និងអភិបាល។
ក្នុងឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកទឹកចិត្តឯកឧត្តម សុទ្ធ ឃុនថាល់ និងឯកឧត្តម ហ៊ាន រចនា ឱ្យខិតខំថែទាំសុខភាពឱ្យបានល្អប្រសើរ និងស្តាប់ តាម វេជ្ជបញ្ជារបស់គ្រូពេទ្យជំនាញ និងការ សម្រាក, ការហូបចុកឱ្យបានគ្រប់គ្រាន់ ព្រមទាំងបានឧបត្ថម្ភនូវ ថវិកាផ្ទាល់ខ្លួន មួយចំនួនជូនដល់ឯកឧត្តមសមាជិក ក្រុម ប្រឹក្សាខេត្តទាំង ២រូប ដើម្បីទុកប្រើប្រាស់ទៅតាមតម្រូវការ៕

