ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស​ សុខា លើ​កទឹកចិត្ត​បណ្ឌិត្យស​ភានគរបាលកម្ពុជា បន្តសម្រួច​គុណភាពសិ​ស្ស-និស្សិត ​ទាំងចំ​ណេះ ជំនាញ និងសី​លធម៌

(ភ្នំពេញ)៖ថ្លែងក្នុងពិធី​ប្រគល់​សញ្ញាបត្រ វិញ្ញាបន​បត្រ ដល់សិស្ស និស្សិត និងសិក្ខាកាម​នគរបាល​ជាតិ និងមន្រ្តី​ពន្ធ​នាគារ នៅបណ្ឌិត្យសភា​នគរបាលកម្ពុជា​ នាព្រឹកថ្ងៃទី៩ ខែ​កុម្ភៈ ឆ្នាំ២០២៦ ឯក​ឧត្តម​អភិសន្តិបណ្ឌិត ​ស សុខា ឧប​នាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួ​ងមហាផ្ទៃ បានមានប្រសា​សន៍លើ​កទឹកចិត្តថ្នាក់​ដឹកនាំ សាស្រ្តាចារ្យ និងគ្រូនគរបា​លជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បន្ត​សម្រិ​តសម្រាំង និងសម្រួចគុណភាព នៃការអប់រំ បណ្ដុះបណ្ដាល និងហ្វឹកហាត់ជំនាញផ្សេងៗដល់សិស្ស និស្សិតនគរបា​ល រួមទាំងឥរិយាបថ និងក្រមសីលធម៌ល្អ។

ការថ្លែង​លើកទឹក​ចិត្តនេះ បានធ្វើឡើង​បន្ទាប់ពីប្រមុខ​ក្រសួងមហាផ្ទៃ បង្ហាញការកត់សម្គាល់​អំពីវ​ឌ្ឍនភាព​នៃការធ្វើកំណែទម្រង់ថ្មីៗ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឈរលើ​មូលដ្ឋា​ននៃមរត​កស​មិទ្ធផ​លរបស់ថ្នាក់ដឹកនាំជំនាន់មុន។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត បច្ចុប្បន្នបណ្ឌិត្យសភា​នគរបា​លកម្ពុជា មានគ្រូឧ​ទ្ទេស និងសាស្ត្រាចារ្យ មា​នសមត្ថភាពខ្ពស់ និងបទពិសោធគ្រប់គ្រាន់ ក្នុងការ​បណ្ដុះបណ្ដា​លធនធាននគរបាល ឱ្យមានគុណភាពស្តង់ដារ។ ជាមួយគ្នានេះ សាលាក៏បានរៀ​ប​ចំចងក្រងនូវក​ម្មវិធីសិក្សា និងមេរៀនយ៉ាងច្បាស់លាស់ ស្របតាមបច្ចេកទេសទំនើប និងស្ថានភា​ពជាក់ស្តែងនៃ​សង្គម ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្ស និស្សិត ក្នុងការឈ្វេងយល់​ឱ្យបានឆាប់រហ័​ស និងអាចយកទៅអនុវត្តផ្ទាល់ក្នុងប្រតិបត្តិការជំនាញបានយ៉ាងមានប្រសិទ្ធភាព។

បន្ថែមពីនេះ ដើម្បីបង្កើនគុណវុឌ្ឍិ និងសមត្ថភាព ឱ្យកាន់តែប្រសើរឡើងថែមទៀត ឯកឧត្តមអភិ​សន្តិបណ្ឌិត បានកត់សម្គាល់ថា បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានបញ្ជូនមន្ត្រី គ្រូ និងសិស្ស និស្សិតមួយ​ចំនួន ទៅ​សិក្សាបន្ថែមនៅក្រៅប្រទេស ដើម្បីដកស្រង់បទពិសោធ និងបច្ចេកវិទ្យាទំនើប​ៗពីបណ្តាប្រទេសជឿនលឿន។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញក្ដីសង្ឃឹម​យ៉ាងជឿ​ជាក់ថា ផ្អែកលើវឌ្ឍនភាពជាបន្តបន្ទាប់មកនេះ ក្នុងរយៈពេលប្រហែល ៥ឆ្នាំ ទៅមុខទៀត ការធ្វើទំ​នើប​កម្មលើការបណ្តុះបណ្តាល និងការបន្តអភិវឌ្ឍសមត្ថភាពឥតឈប់ឈរ នឹងបង្កើន​ជ័យលា​ភីសិស្ស និស្សិត កាន់តែមានគុណភាព និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ពីវេទិកាអ​ធិបតីនោះដែរ ប្រមុខក្រ​សួងមហាផ្ទៃ ក៏បានស្នើឱ្យស្នងការនៃស្នងការដ្ឋានរាជធានី ខេត្ត បង្កើនការធ្វើបទបង្ហាញតម្រង់ទិសដល់សិស្ស និស្សិត ដែលជាប់និងត្រៀម​ទៅបំពេញការងារ​នៅតាមអង្គភាព​ចំណុះ រួមទាំងអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល ដើម្បីឱ្យមន្ត្រីទាំងអស់នោះ យល់​ច្បាស់ពី​ចក្ខុវិស័យ និងអ្វីដែលថ្នាក់ដឹកនាំចង់បាន ចេះរបៀបរបបធ្វើការងារ បម្រើប្រជា​ពលរដ្ឋក្នុង​មូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានសីលធម៌វិជ្ជាជីវៈថ្លៃថ្នូរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា បន្តអ​នុវត្ត​បេសកកម្មដ៏មានសារៈសំខាន់របស់ខ្លួន ដោយស្មារតីប្តេជ្ញាចិត្តខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ ដើ​ម្បី​សម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រ និងយុទ្ធ​សាស្ត្របញ្ច​កោណរប​ស់រាជរដ្ឋាភិបាល ជាពិសេសត្រូវបន្តលើកកម្ពស់គុណភាពបណ្ដុះបណ្ដាល ដើម្បីអភិ​វឌ្ឍសមត្ថ​ភាពវិជ្ជាជីវៈ ក្រមសីលធម៌ និងស្មារតីទទួលខុសត្រូវរបស់កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ស្របតាមពាក្យស្លោក “បណ្ដុះបណ្ដាលមានគុណភាព គឺកសាងក​ម្លាំងមា​នសមត្ថភាព”។

ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា បន្តអនុវត្តផែនកា​របណ្ឌិត្យសភា​ឌីជីថល ឱ្យក្លាយជាគ្រឹះនៃការបណ្ដុះបណ្ដាលទំនើប ដោយបញ្ចូលបច្ចេកវិទ្យា នវានុវ​ត្តន៍ និងចំណេះ​ដឹងឌីជីថល ដើម្បីឆ្លើយត​បទៅនឹងការវិវត្តយ៉ាងលឿនរបស់សង្គម និងបញ្ហាសន្តិសុ​ខក្នុងយុគស​ម័យថ្មី ជាពិសេសការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

យោងតាមរបាយការណ៍ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានប​ណ្ឌិត្យសភានគរបាលកម្ពុជា ជ័យលាភីដែលទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រនាឱកាសនោះ រួមមាន៖ និ​ស្សិត នាយនគរបាលបន្ត​វេន និងមន្ត្រីពន្ធនាគារ ថ្នាក់បរិញ្ញាបត្រ ចំនួន ២០៧នាក់ និងសិ​ស្សនគរបាលថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ ចំនួន ១០០នាក់។

ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់អនុសា​សន៍ផ្តាំផ្ញើដល់សិស្ស និស្សិតជ័យ​លាភីទាំង​អស់ ត្រូវយកចំ​ណេះ​ដឹង និងជំនាញ​ឯកទេសដែលទទួលបាន ទៅអនុវត្តឱ្យមា​នប្រសិទ្ធភាពក្នុង​អង្គភាព ដោយតម្កល់ស្មារតីជាអ្នកបម្រើប្រជាពលរដ្ឋពិតប្រាកដ។ ទន្ទឹមនឹងនេះ ត្រូវប្រកាន់ខ្ជាប់នូ​វក្រមសីលធម៌វិជ្ជាជី​វៈ វិន័យ​កងកម្លាំង និងច្បាប់រដ្ឋ ដើម្បីក្លាយជាមន្ត្រីគំរូ ដែលប្រជាពលរដ្ឋទុកចិត្ត ព្រមទាំងត្រូវបន្តស្វ័យសិក្សាស្រាវជ្រាវ និងដកស្រង់បទពិសោធពីរៀមច្បងឥតឈប់ឈរ ដើម្បីអភិវ​ឌ្ឍ​ខ្លួន​ជាធនធានមនុស្ស ដែលមានតម្លៃសម្រាប់ក្រសួងមហាផ្ទៃ និងសង្គមជាតិទាំងមូល៕

Leave a Reply

Your email address will not be published. Required fields are marked *