អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ

ប៉ៃលិន៖ នារាត្រីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុកមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់ តែធូរធាឡើងពីមួយ ថ្ងៃទៅមួយថ្ងៃគួរជាទីមោទន។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្ននេះអាជ្ញាធរខេត្តប៉ៃលិន បានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែរលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី ការសម្អាត អនាម័យបរិស្ថាន នៅតាម ទីសាធារណៈ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានា ដើម្បីឱ្យខេត្តប៉ៃលិនប្រែក្លាយ ជាខេត្តមួយ មានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍សម្រាប់ថ្ងៃអនាគតផងដែរ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន និងជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសមេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ធ្វើការកែលម្អហេដ្ឋារចនាសម័ន្ធ និងសោភ័ណភាពខេត្តរបស់យើង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *