ខេត្តបន្ទាយមានជ័យ៖សូមសន្តិភាព កើតមានដល់ព្រះរាជាណាចក្រកម្ពុជា ។នេះគឺជាសារ ក្នុងពិធីបួងសួងសុំសុខសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា នឹងប្រកាស សច្ចៈកិរិយាធម៌ សមាធិគោរព វិញ្ញាណក្ខន្ធនិងឧទ្ទិសមហាកុសល ជូនដល់វីរកងទ័ព ដែនអធិបតេយ្យភាពកម្ពុជា។ ដោយឡែក ល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណ ស្រុក ក្រុង បានរៀបចំពិធីបួងសួង សុំសុខសន្តិភាពធ្វើឡើងនាបរិវេណ វត្តគិរីជុំចម្ការខ្នុរ ក្នុងក្រុងសេរីសោភ័ណ។
ពិធីបួងសួងសុំសេចក្ដីសុខសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា គឺជាផ្នែកមួយដើម្បីគាំទ្រដំណោះស្រាយដោយសន្តិវិធី រវាងកម្ពុជា-ថៃ ក្រោមស្មារតីនៃការយល់ដឹង រួបរួមគ្នាថា សង្គ្រាមនិងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយភាពសុខដុមរមនា នៅក្នុងសង្គមឡើយ តែវាជាការខាតបង់ និងជាវិនាសកម្មមនុស្សជាតិ សម្រាប់ប្រទេសទាំងពីរ។
ព្រះសមណៈញាណ ណាប់ ម៉ឺន ព្រះបាឡាត់ គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តគិរីជុំចម្ការខ្នុរ ព្រះអង្គបានមានសូនីតាបញ្ជាក់ថា ការដែលយើង បានរៀបចំពិធីបួងសួង សុំសេចក្ដីសុខសន្តិភាពនាថ្ងៃនេះ គឺបានផ្តួចផ្តើមឡើងដោយមានចក្ខុវិស័យ បណ្ដុះនូវការការពារសន្តិភាព ស្រឡាញ់សន្តិភាព ការបណ្ដុះនូវបញ្ញាស្មារតីឆន្ទៈនិងការពង្រឹងនូវសាមគ្គីភាពរបស់ប្រជាជនខ្មែរ រួមគ្នាដើម្បីគាំទ្រនិងជឿជាក់លើ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារជាតិ ទឹកដី សាសនា វប្បធម៌ប្រពៃណី និងសុខសុភមង្គលប្រជាជន ដោយសន្តិវិធី និងធម៌អហិង្សា ដូចនេះក្នុងស្ថានភាពដែលយើងកំពុងប្រឈមការជួបជុំគ្នាបួងសួងសុំសុខសន្តិភាពនាពេលនេះគឺស្របតាម ពុទ្ធោវាទ ដោយមានគោលបំណង អំពាវនាវ ដល់ភាគីបង្កជម្លោះ ឲ្យបោះបង់អំពើហិង្សា ទាំងផ្លូវកាយ ពាក្យសម្ដី ផ្លូវចិត្តជំរុញឲ្យប្រើប្រាស់សេចក្ដីស្រឡាញ់មេត្តាការយោគយល់ជាមធ្យោបាយល្អសម្រាប់សន្តិភាព៕

