ខេត្តបន្ទាយមានជ័យ៖សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនិងជាព្រះគ្រូចៅអធិការវត្តឧណ្ណាលោមរាជធានីភ្នំពេញ អមដំណើរដោយព្រះមន្ត្រីសង្ឃនិមន្តមកពីរាជធានីភ្នំពេញនិងលោក បៀវ ថាន បាននិមន្តនិងអញ្ជើញសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ និងកុមារ នៅក្នុងជំរំជនភៀសសឹកនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ដើម្បីស្វែងយល់ពីទុក្ខលំបាករបស់ញាតិញោមដែលត្រូវបានបង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅឋាន ដោយសារពពួកទាហានសៀម ឈ្លានពានមកលើទឹកដីកម្ពុជា និងបានបំផ្លិចបំផ្លាញផ្ទះសម្បែងហើយនេះគឺជាអំពើដ៏ព្រៃផ្សៃបំផុត។ ក្នុងនាមព្រះមន្ត្រីសង្ឃទូទាំងប្រទេសសម្តេច យ៉ន សេងយៀត ក៏សូមចូលរួមសោកស្ដាយដ៏ក្រៃលែងចំពោះញាតិញោមទាំងអស់ ដែលបានបាត់បង់ផ្ទះសំបែង សាលារៀន មន្ទីរពេទ្យ វត្តអារាម រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
សម្ដេច បានមានសង្ឃដីកានិងសង្ឃឹមជឿជាក់ថា ញាតិញោមទាំងអស់ និងបានវិលត្រឡប់ទៅលំនៅឋានវិញនាពេលឆាប់ៗនេះ ព្រោះថា កាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៥ កន្លងទៅ ភាគីកម្ពុជា ថៃ បានបើកកិច្ចប្រជុំពិសេសលើកទីបីនៃគណៈកម្មាធិការព្រំដែនទូទៅជី.ប៊ី.ស៊ី នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ នៃខេត្តប៉ៃលិនប្រទេសកម្ពុជា និងខេត្តបានប៉ាកាន នៃខេត្តចាន់បូរី ប្រទេសថៃ ដែលបានដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងភាគីថៃដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិថៃ។ ចុងក្រោយសម្ដេច ព្រមទាំង ព្រះមន្ត្រីសង្ឃបាននិមន្តទៅដល់កន្លែង ក្មួយៗដែលកំពុងសិក្សារៀនសូត្រ នៅក្នុងជំរំនៃជនភៀសសឹក ដោយមាន លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ធ្វើការបង្ហាត់បង្រៀន ព្រោះថា កុមារគឺជាទំពាំងស្នងឫស្សីនិងជាសសរទ្រូងសម្រាប់ប្រទេសជាតិនាថ្ងៃអនាគត សម្រាប់គ្រួសារនិងសង្គមជាតិទាំងមូល។ ដោយការរស់នៅក្នុងគ្រាដ៏លំបាកនេះ សូមញាតិញោម បងប្អូនទាំងអស់ រក្សាសុខភាព ដោយការហូបស្អាតផឹកស្អាតរស់នៅស្អាតពិសេសអនាម័យបរិស្ថាន៕

