រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតលើកទី២៣ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា និងសន្និបាតរណបលើកទី៤ នៃសមាគមចក្ខុរោគ អាស៊ីប៉ាស៊ីហ្វិក។
នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានមានប្រសាសន៍ថា សុខភាពភ្នែក គឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗរូប ប្រសិនបើភ្នែករបស់យើងមើលមិនច្បាស់ មានពិការភាព ឬមានបញ្ហាជំងឺផ្សេងៗ ប្រាកដណាស់ថា សុខភាពរបស់យើងក៏មិនបានល្អពេញលេញ ដែលស្ថិតក្នុងបរិបទមានប្រជាជនវ័យចំណាស់មានការកើនឡើង និងការយកចិត្តទុកដាក់ត្រូវតែធ្វើឡើង ចំពោះគ្រប់ផ្នែកទាំងអស់ បូករួមទាំងផ្នែកភ្នែកផងដែរ។
ឯកឧត្តម បានគូសរំលេចថា បច្ចុប្បន្នវិស័យចក្ខុសាស្រ្តមានការរីកចម្រើន គួរឱ្យកត់សម្គាល់ទាំងផ្នែកធនធានមនុស្ស និងបច្ចេកទេសដែលការបណ្តុះបណ្តាលបន្តជាការចាំបាច់បំផុត។ ការពង្រីកសេវាថែទាំព្យាបាលភ្នែកទូទាំងប្រទេសក៏ត្រូវតែបន្ត ដើម្បីធានាការបម្រើសេវាផ្នែកសុខភាពភ្នែកជូនប្រជាពលរដ្ឋ ឱ្យបានគ្រប់គ្រាន់មានប្រសិទ្ធភាព និងទាន់ពេលវេលា៕

