បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងភរិយាលោកជំទាវ ជ័យ ណារី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ អមដំណើរ ដោយក្រុមការងារ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននាំយកសម្លៀកបំពាក់ចែកជូនដល់កុមារៗសិស្សានុសិស្ស នៅមណ្ឌលសុវត្ថិភាព ជនភៀសសឹក នៅវត្តចាន់ស៊ី ដែលកំពុងសិក្សាបណ្តោះអាសន្ននៅទីនោះ។
ដោយមានការគិតគូរយកចិត្តទុក្ខដាក់ពីថ្នាក់ដឹកនាំ ពិសេសឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត រួមនឹងមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានបង្តើតឱ្យមានថ្នាក់រៀនបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព ជនភៀសសឹក ដើម្បីបង្ហាត់បង្រៀនដល់កុមារភៀសសឹកពីតំបន់ប្រឈម ពិសេសភូមិព្រៃចាន់ ជាទីតាំងដែលយោធារសៀម បានបាញ់ប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ កាលថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ បណ្ដាលឱ្យពលរដ្ឋស្លូតត្រង់ម្នាក់បានពលីជីវិត និង៣នាក់បានរងរបួស កំពុងសម្រាកព្យាបាល។
ក្នុងនោះដែគ្នានោះឯកឧត្តម អ៊ុំ រាត្រី ក៏បានផ្តាំទៅដល់ក្មួយៗសិស្សានុសិស្ស ក្នុងដំណាក់កាលនេះ ដែលយើងមិនទាន់បានវិលត្រលប់ទៅលំនៅឋានវិញ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹង ដើម្បីក្លាយជាធនធានសម្រាប់ប្រទេស។
ឯកឧត្ដម អភិបាលខេត្ត ក៏បានអំពាវនាវដល់អាណាព្យាបាលនៅស្នាក់នៅមណ្ឌលសុវត្ថិភាពដែលមានកូនកំពុងសិក្សា សូមបញ្ជូនកូនឱ្យមករៀននៅទីតាំងដែលអាជ្ញាធរមានរៀបចំបង្រៀន ព្រមទាំងមានបណ្ណាល័យសម្រាប់កូនៗសិស្សានុសិស្សអានសៀវភៅនៅពេលទំនេរពីការសិក្សាផងដែរ៕

