(តាកែវ)៖ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តតាកែវ ។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំធំ អគារច្រកចេញចូលតែមួយ ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជាអនុប្រធានប្រចាំការសមាគមខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង–ស្រុក មេឃុំ–ចៅសង្កាត់ លោក–លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងនិវត្តជន ជាច្រើននាក់ផងដែរ។
នាឱកាសនោះឯកឧត្តមអភិបាលខេត្ត បានសន្យាថា នឹងខិតខំយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាព របស់បងប្អូនជាសមាជិក ដោយជំរុញការចុះក្ដាប់ជាប់នូវស្ថានការណ៍ និងជីវភាពរស់នៅជាក់ស្ដែង ព្រមទាំងផ្តល់ការគាំទ្រចំពោះ សមាជិកដែលជួបការខ្វះខាត កំពុងមានជំងឺ ឬត្រូវការការជួយអន្តរគមន៍នានា។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍ថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម បានដាក់ចេញគោលការណ៍ក្នុងការកែសម្រួលសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមបណ្តារាជធានី–ខេត្ត ក្រុង– ស្រុក និងសាខាសមាគមឃុំ–សង្កាត់ ដើម្បីផ្តល់លទ្ធភាពដល់ការអនុវត្តគោលការណ៍ និងការយកចិត្តទុកចិត្តជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានមកជ្រក ក្រោមឆ័ត្រមួយរបស់សមាគម។
ក្នុងនោះឯកឧត្តមកិត្តិសង្គហបណ្ឌិត មានប្រសាសន៍រម្លឹកថា គោលបំណងចំបងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម មានចក្ខុវិស័យវែងឆ្ងាយគិតគូរដល់អតីតយុទ្ធជន និងនិវត្តជន ដែលជួបការលំបាកឱ្យទទួលបានអត្ថប្រយោជន៍ ដោយសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់សុទ្ធសឹងតែជាអ្នកតស៊ូ ពលី និងលះបង់បម្រើជាតិមាតុភូមិដូចគ្នា និងជាកម្លាំងសាមគ្គីមួយដ៏រឹងមាំដែលបានរួមចំណែកការពារជាតិ ស្ថាបនា និងអភិវឌ្ឍន៍ជាតិមកទល់ពេលបច្ចុប្បន្ន។បន្ថែមលើនោះទៀត ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានណែនាំដល់គណៈកម្មាធិការសមាគមខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការប្រគល់ភារកិច្ចរបស់ថ្នាក់ដឹកនាំសមាគម សំដៅធ្វើយ៉ាងណាឱ្យសមាជិកជាអតីតយុទ្ធជន និងនិវត្តជនទាំងអស់ទទួលបានការលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរឡើង៕

