បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត។ពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្រ្ត មណ្ឌលបន្ទាយមានជ័យ ថ្នាក់ដឹកនាំមន្ត្រីសង្ឃខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង នៃគណៈអភិបាលខេត្ត ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត មេបញ្ជាការកងកម្លាំងគ្រប់កងឯកភាព មន្ទីរ អង្គភាព មន្រ្តីរាជការ លោកតា លោកយាយ សីលវ័ន្ត សីលវតី យុវជន សិស្សានុសិស្ស ចូលរួមយ៉ាច្រើនកុះករផងដែរ។
នាឱកាសនោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្ត បានអភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទ សាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាងចំពោះព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកប ដោយព្រះកាយពលមាំមួនខ្លាំងក្លាព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីគង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ បន្តព្រះរាជបេសកកម្មដ៏ ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រពីព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីភាពចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង និងសម្បូរសប្បាយប្រកប ដោយសុខដុមរមនារបស់មាតុភូមិ អង្គរជាទីស្នេហា និងប្រជារាស្ត្រគ្រប់រូបជាយូរ អង្វែងតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឬក្សប្រពៃថ្លៃថ្លានោះផងដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បានសម្តែងថ្វាយនូវកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះស្នាព្រះហស្ថ ព្រះករុណាជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គតែងតែយកព្រះទ័យ ក្នុងការជួយដោះស្រាយ ទុក្ខលំបាក និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជារាស្ត្រនៅទូទាំងប្រទេស ជាពិសេសព្រះអង្គតែងតែយកអស់ ព្រះបញ្ញាញាណ ព្រះកាយពល និងព្រះរាជទ្រព្យដើម្បីរួមចំណែកកសាងសមិទ្ធផលសង្គមយ៉ាងច្រើន សំដៅស្តារ និងអភិវឌ្ឍន៍ទឹកដីព្រះរាជាណាចក្រកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ព្រមទាំង បាន បួងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ឬទ្ធីបារមី ទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ បុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី តាមជួយ បីបាច់ថែរក្សាអភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាថ្លៃវិសេស និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរ បួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

