បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥ អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យរុក្ខទិវា ។ពិធីនេះបានប្រារព្ធធ្វើឡើង លើដងផ្លូវជាតិលេខ៦ ឆ្ពោះទៅខេត្តសៀមរាប ចន្លោះស្ពានទី២ និងស្ពានទី៣ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្ត មណ្ឌលបន្ទាយមានជ័យ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង ខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង–ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ក្នុងឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេត្ត បានលើកឡើងថា ការបាត់បង់ព្រៃឈើពិតជានឹងនាំមកនូវគ្រោះមហន្តរាយយ៉ាងធំធេង ដល់ភពផែនដីយើងនេះដូចជា ធ្វើឱ្យមានបំរែបំរួលអាកាសធាតុ ការឡើងកំដៅនៃភពផែនដី គ្រោះរាំងស្ងួត ភ្លើងឆេះ បាត់បង់ជីវសាស្ត្រចំរុះ បាត់បង់សត្វព្រៃគ្រប់ប្រភេទ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងគ្រោះទឹកជំនន់ជាដើម។
ក្នុងនោះឯកឧត្ដម អ៊ុំ រាត្រី បានលើកទឹកចិត្ត និងសំណូមពរដល់បងប្អូន វិស័យរដ្ឋ និងឯកជន ខិតខំនាំគ្នាសហការចូលរួមដាំដើមឈើឡើងវិញនៅតាមទីកន្លែងនានាដូចជា នៅលើដីចំការ នៅតាមព្រំដី តាមភ្លឺស្រែរបស់ខ្លួន ជាពិសេសនៅលើដីចំការដែលហឹលខ្សោះជីជាតិមិនអាចធ្វើដំណាំកសិកម្មបាន ហើយគួរតែជ្រើសរើសដាំប្រភេទកូនឈើក្នុងស្រុក ជាពិសេស កូនឈើដែលមានការលូតលាស់លឿន មិនរើសដី ដើម្បីធ្វើឱ្យបរិស្ថានមានភាពបៃតង ស្រស់បំព្រង និងប្រសើរឡើងវិញ កាត់បន្ថយនូវគ្រោះធម្មជាតិគ្រប់បែបយ៉ាងជាយថាហេតុ ក្នុងការ ចូលរួមចំណែកជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ប្រកបដោយស័ក្តិសិទ្ធភាព។ និងអំពាវនាវដល់គ្រប់មន្ទីរ/អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៃខេត្តបន្ទាយមានជ័យ ចូលរួមដាំដើមឈើនៅគ្រប់ទីកន្លែងដែលអាចដាំបានដូចជា ទីវត្តអារាម ទីសាធារណៈនានា គ្រប់មន្ទីរ/អង្គភាព មន្ទីរពេទ្យ សាលារៀន និងនៅតាមដងផ្លូវសាធារណៈជាដើម។ល៕

