បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរង ខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់សម្របសម្រួលការអនុវត្តគម្រោង ស្តីពីការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួលសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវ ប្រព័ន្ធភស្តុភារកម្មកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង SF-CLIP និងលោកស្រី MIURA Yoshiko តំណាងជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា។ កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នៅសាលប្រជុំធំ នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃគណៈកម្មការចម្រុះសម្របសម្រួលគម្រោងរបស់អន្តរក្រសួង និងក្រុមការងារជំនាញរបស់ទីភ្នាក់ងារ JICA ផងដែរ។
អង្គប្រជុំបានពិភាក្សាលើរបាយការណ៍លទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយចំពោះគម្រោងនៃការសិក្សាមណ្ឌលភស្តុភារកម្មក្នុងតំបន់ (Regional Hub Study) និងការសិក្សាថ្មីៗក្នុងការរៀបចំការវិភាគផ្អែកលើភស្តុតាង ការធ្វើផែនការសម្រាប់ការកែលម្អភស្តុភារកម្ម និងការកែលម្អរបាយការណ៍ប្រចាំឆ្នាំផ្នែកភស្តុភារកម្ម និងសកម្មភាពកែលម្អការដឹកជញ្ជូនទំនិញតាមផ្លូវគោក និងសកម្មភាពកែលម្អការដឹកជញ្ជូនទំនិញតាមរថភ្លើង ក្នុងការសិក្សាត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពចរាចរណ៍ផ្លូវគោកជាប្រចាំ និងការសម្របសម្រួលនៃការដឹកជញ្ជូនតាមផ្លូវទឹកអន្តរជាតិជាមួយប្រទេស ឡាវ វៀតណាម និងកម្ពុជា ដើម្បីឱ្យប្រព័ន្ធដឹកជញ្ជូន និងភស្ដុភារកម្មកម្ពុជាមានភាពប្រសើរឡើងនាពេលអនាគត។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ កុយ សុដានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមជំនាញការជប៉ុន ក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារនៃគណៈកម្មការគ្រប់គ្រងគម្រោង SF-CLIP និងសមាជិកគណៈកម្មការចម្រុះសម្របសម្រួលការអនុវត្តគម្រោងនៃអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម និងការចូលរួមពីគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទទួលលទ្ធផលបានល្អប្រសើរ និងបានសំណូមពរឱ្យក្រុមការងារទាំងអស់បន្តសហការបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើននូវជំហានបន្តបន្ទាប់ខាងមុខទៀត៕

