ខេត្តត្បូងឃ្មុំ៖ កម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ដឹកនាំដោយលោក ជាម ប៉ង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បានសហការជាមួយកម្លាំងយោធភូមិភាគទី២ រដ្ឋបាលឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ រដ្ឋបាលឃុំក្រូចឆ្មារ និងឃុំទ្រា ស្រុកក្រូចឆ្មារ ព្រមទាំងមានការសម្របសម្រួលនិតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល។ជាលទ្ធផល ក្រុមការងារបានរកឃើញ និងបង្ក្រាបបទល្មើសជលផល ដោយបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទស្បៃមុងខុសច្បាប់នៅនឹងកន្លែង រួមមាន ឧបករណ៍លូស្បៃមុងចំនួន ២៥មាត់ របាំងស្បៃមុងប្រវែង ១.២៥០ម៉ែត្រ និងបង្គោលចម្រឹងចំនួន ៣៧៥ដើម។
ជាមួយគ្នានេះ សមត្ថកិច្ចបានចាក់លែងកូនត្រី និងជីវចម្រុះ ដែលបានជាប់ក្នុងឧបករណ៍នេសាទខុសច្បាប់ ចំនួន ៤២៥គីឡូក្រាម ស្មើប្រមាណ ១៧០.០០០ក្បាល ចូលទៅក្នុងដែនទឹកធម្មជាតិវិញ ដើម្បីចូលរួមថែរក្សា និងស្ដារធនធានជលផលឱ្យមាននិរន្តរភាព។
ប្រតិបត្តិការជាបន្តបន្ទាប់នេះ គឺជាផ្នែកមួយនៃការចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលជាប្រចាំ ដោយមានការចូលរួមសហការពីកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការពារធនធានជលផល និងរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងដែនទឹកធម្មជាតិ។
ការបង្ក្រាប និងរុះរើឧបករណ៍នេសាទខុសច្បាប់នេះ ក៏ជាការរួមចំណែកសំខាន់ក្នុងការការពារកូនត្រី និងជីវចម្រុះក្នុងដែនទឹក ធានាឱ្យធនធានជលផលអាចបន្តកើនឡើង និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនេសាទនាពេលអនាគតផងដែរ៕

