កិច្ចប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២

បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរង ខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក សាន រដ្ឋា តំណាងធនាគារអភិវឌ្ឍន៍អាសុី (ADB) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការងារអនុវត្តតាមការដ្ឋានជាក់ស្ដែង និងបើកកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពការងារ គម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ដោយមានការចូលរួមពី លោក លោកស្រី ប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី ADB អភិបាលរង ក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ ទីប្រឹក្សាបច្ចេកទេស និងអ្នកពាក់ព័ន្ធ ផងដែរ។

លោក ឃ្លោក នួយ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ចំពោះការគាំទ្រគម្រោងគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ដែលផ្តោតលើការសាងសង់បណ្តាញ ទឹកកខ្វក់ ការគ្រប់គ្រងទីលានចាក់សំរាម ការងារទីលានចាស់ និងការងារសិក្សាគម្រោងផលិតជីកំប៉ុស្តិ៍ក្នុងទីលាន នៅក្នុងក្រុងសិរីសោភ័ណ និងកំពុងត្រៀមបន្តអនុវត្តនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមកំចីឥណទានហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB មានគោលដៅសំខាន់ៗដូចជា ការងារបណ្តាញប្រព័ន្ធទឹកកខ្វក់ និងដាក់លូរំដោះទឹកក្នុងទីប្រជុំជនក្រុង ការរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ (អាងចម្លោះ) លើផ្ទៃដី២៤ហិកតា និងការសាងសង់ទីលាន គ្រប់គ្រង ទុកដាក់សំរាម លើផ្ទៃដី១១ហិកតាជាដើម។

លោក ឃ្លោក នួយ អភិបាលរងខេត្ត បានបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ត្រីជំនាញ និងការចុះជាក់ស្តែងគិតត្រឹមខែតុលានេះ គម្រោងប្រព័ន្ធ ទឹកកខ្វក់ និងលូរំដោះទឹកក្នុងទីប្រជុំជន អាងប្រព្រឹតកម្មទឹកកខ្វក់ (អាងមោះ) ដែលសមិទ្ធផលទាំងនេះ ពិតជាមានសារៈ សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងទីប្រជុំជនក្រុង តាមរយៈការលើកកំពស់វិស័យបរិស្ថាន។ កន្លងមក ក្រុមការងារបច្ចេកទេស បានសិក្សា និងកំណត់ទីតាំងសម្រាប់សាងសង់អគារ និងទីធ្លាសម្រាប់ញែក សម្អាតសម្រាមដែលស្ថិតនៅក្បែរទីលានលើផ្ទៃដីចំនួន២ហិកតា ដូច្នេះ រដ្ឋបាលខេត្តសូមគាំទ្រចំពោះទីតាំងនៅជាប់នឹងទីលានថ្មី មានហេដ្ឋារចនាសម្ព័ន្ធស្រាប់ និងកាត់បន្ថយចំណាយនៅពេលប្រតិបត្តិការ បង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងទីលាន។ ដើម្បីធានានិរន្តភាពការងារគ្រប់គ្រង ខេត្ត បានបង្កើតគណៈកម្មការគ្រប់គ្រងប្រតិបត្តិការទីលាន ដោយយកបទ ពិសោធន៍ពីរាជធានី ខេត្ត ដែលមានបទពិសោធន៍រួចហើយ ខេត្ត បានប្តេជ្ញាជួយគាំទ្រដល់ ក្រុង ស្រុក ឱ្យរៀបចំតារាងតម្លៃ ប្រមូលសេវានៅតាមទីតាំងអាជីវកម្ម លំនៅដ្ឋាន និងគ្រឹះស្ថានសាធារណៈនានាផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *