សិក្ខាសាលាស្តីពីការពិនិត្យវឌ្ឍនភាពការអនុវត្តក្របខ័ណ្ឌការជំរុញបង្កើនការងារថែទាំសុខភាពបឋម ប្រចាំ៩ខែដើមឆ្នាំ២០២៥ និងការរៀបចំផែនការប្រចាំឆ្នាំ២០២៦

(បន្ទាយមានជ័យ)៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពីការពិនិត្យវឌ្ឍនភាពការអនុវត្តក្របខ័ណ្ឌការជំរុញបង្កើនការងារថែទាំសុខភាពបឋម ប្រចាំ៩ខែ ដើមឆ្នាំ២០២៥ និងការរៀបចំផែនការប្រចាំឆ្នាំ២០២៦ ។ ពិធីនេះធ្វើឡើងនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំ (ផ្ការំដួល) មន្ទីរសុខាភិបាលខេត្តដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូក្រសួង លោក លោកស្រី ប្រធាន-អនុប្រធាន មន្ទីរអង្គភាព ពាក់ព័ន្ធ អភិបាលក្រុង ស្រុក និង លោកគ្រូ អ្នកគ្រូពេទ្យ ទាំង៩ក្រុង ស្រុក ផងដែរ ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឡើងមានប្រសាសន៍រាយការណ៍អំពីវឌ្ឍនភាព ដែលសម្រេចបានលើការងារបម្រើសេវា និងការអន្តរាគមន៍ឆ្លើយតប និងការអភិវឌ្ឍ ដោយបុរេសកម្ម នវានុវត្តន៍ និងការទទួលខុសត្រូវខ្ពស់ និងពីសមិទ្ធផលមួយចំនួនបានកកើតឡើងជាបន្តបន្ទាប់ ដែលក្នុងនោះមានការចូលរួមចំណែកពីអង្គការដៃគូ សមាគមវិស័យឯកជន សប្បុរសជន និងសហគមន៍ ។

ថ្លែងក្នុងឱកាសនេះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានពាំនាំនូវសេចក្តីផ្តាំផ្ញើ និងសួរសុខទុក្ខរបស់ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនចំពោះថ្នាក់ដឹកនាំរបស់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការបម្រើសេវានៅតាមមូលដ្ឋានសុខាភិបាល។ពិសេស ការយកចិត្តទុកដាក់ លើខឿនការពារជាតិ ដែលប្រទេសជាតិយើងរងនូវការរំលោភបំពានបូរណភាពទឹកដីបង្កនូវអសន្តិសុខ របស់បងប្អូនប្រជាពលរដ្ឋ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានណែនាំដល់លោកប្រធានមន្ទីរ និងមន្រ្តីសុខាភិបាលទាំងអស់ ត្រូវគោរពអនុវត្កតាមការណែនាំពីក្រសួងសុខាភិបាល និងត្រូវមានគណនេយ្យភាព ការទទួលខុសត្រូវចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអាជ្ញាធរដែនដីពាក់ព័ន្ធ និងត្រូវយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត និងពង្រឹងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំ ប្រតិបត្តិមុខងារ តាមតួនាទីរបស់ខ្លួន ដោយប្រកាន់យកអាកប្បកិរិយាសមរម្យ ភាពថ្លៃថ្នូរ ប្រកបដោយកិត្កិយស គោរពការសម្ងាត់វិជ្ជាជីវៈ អព្យាក្រឹត្យក្នុងការងារ ភក្កីភាព និងគិតគូរដល់ប្រយោជន៍ជាតិ ចៀសវាងឱ្យបាននូវការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។

ក្នុងឱកាសនោះលោកជំទាវវេជៈបណ្ឌិត បានថ្លែងអំណរគុណដល់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាព អន្តរជាតិ (KOFIH) ដែលបានពង្រីកការគ្របដណ្តប់មកកាន់ខេត្តបន្ទាយមានជ័យ និងបានគាំទ្រ នូវគម្រោងចំនួន ២គឺ គម្រោងជំងឺឆ្លង និងការសង្គ្រោះផ្នែកសម្ភព និងទារកទើបកើត(EmONC)ហើយសិក្ខាសាលានេះ ស្ថិតនៅក្នុងគម្រោងជំងឺឆ្លង របស់អង្គការ KOFIH៕

Leave a Reply

Your email address will not be published. Required fields are marked *