(បន្ទាយមានជ័យ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារអន្តរក្រសួង (មានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥បបានអញ្ជើញចុះពិនិត្យការងារថែទាំផ្លូវជាប្រចាំ និងថែទាំខួបផ្លូវជនបទ ក្នុងផែនការឆ្នាំ២០២៥ ចំនួន១០ខ្សែ ក្នុងក្រុង ស្រុកចំនួន៥ ក្នុងខេត្តបន្ទាយមានជ័យ ដែលទទួលការអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ។ការចុះពិនិត្យនោះដោយមានការចូលរួមអមដំណើរដោយលោកស្រី កែវ ពេជ្រតា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ តំណាងឲ្យលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ និងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ។
លោកស្រី កែវ ពេជ្ជតា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានរាយការណ៍ដឹងថា៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាមានជ័យ បានទទួលការអនុវត្ត ថែទាំផ្លូវជាប្រចាំ និងថែទាំខួបផ្លូវជនបទ ក្នុងផែនការឆ្នាំ២០២៥ ចំនួន១០ខ្សែ ក្នុងក្រុង ស្រុកចំនួន៥ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះរួមមាន៖
១,ការថែទាំផ្លូវជាប្រចាំ ចំនួន៨ខ្សែ ប្រវែង៦៣៣៦០ម៉ែត្រ គម្រោង(DRR-RM-២០២៥-No ០៣០) ទទឹងខ្នងលើកៅស៊ូពីរជាន់ និងក្រាលល្បាយក្រួស ៥ម៉ែត្រ ៦ម៉ែត្រ និង៧ម៉ែត្រ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
២,ការថែទាំខួបផ្លូវជនបទ មានចំនួន ២ខ្សែ ប្រវែង៩៤០០ម៉ែត្រ ទទឹងខ្នងលើក្រាលល្បាយគ្រួស ៥ម៉ែត្រ កម្រាស់២០ស.ម ស្ថិតនៅក្នុងស្រុកព្រះនេត្រព្រះ និងស្រុកថ្មពួក។
ក្នុងឱកាសនោះលោកស្រី កែវ ពេជ្ជតា បានបញ្ជាក់ថា៖ខ្សែផ្លូវដែលត្រូវបានជួសជុលថែទាំផ្លូវជាប្រចាំ និងថែទាំខួបផ្លូវជនបទនេះមានសារៈសំខាន់អាចធ្វើដំណើរឆ្លងកាត់ពីភូមិទៅភូមិ និងពីរឃុំទៅស្រុក ដើម្បីសម្រួលដល់ប្រជាជនក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលមកកាន់ទីផ្សារ និងអ្នកជំងឺមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ជាពិសេសដើម្បីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងប្រកបដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលបានកំណត់ អាទិភាពគន្លឹះ៥។ ដោយឡែកពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍជនបទត្រង់មុំទី៣ នៃបញ្ចកោណទី៤ បានបញ្ជាក់ច្បាស់អំពីការលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។
ឯកឧត្តម អុិន ចន្ថា បានធ្វើការកោធសរសើរ និងវាយតម្លៃចំពោះលោក.លោកស្រី ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ដែលបានសហការ សាមគ្គីភាពគ្នាក្នុងការអនុវត្តការងាររយៈពេលកន្លងមក។ ជាពិសេសត្រូវបន្តចុះអនុវត្តត្រួតពិនិត្រ និងថែទាំផ្លូវប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ បានយូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋយើងនៅមូលដ្ឋានផងដែរ៕

