កម្ពុជា សម្រេចបាននូវស​មិទ្ធថ្មី​ជាប្រ​វត្តិសាស្ដ្រ នៃការ​បញ្ចប់កា​របន្ទោបង់ពា​សវាលពា​សកាល​ទាំងស្រុង នៅ​គ្រប់​រាជធានី ខេត្ត​នៅទូទាំង​ប្រទេស

ខេត្តកោះកុង៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិ​វឌ្ឍន៍ជនបទ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញ​ជាអធិបតីក្នុង​ពីធីប្រកា​សទទួលស្គា​ល់ជាផ្លូវ​ការខេត្តកោះកុង ជាខេត្តទី​២៥ ទទួលបា​នជ័យ​លាភីបញ្ចប់​ការបន្ទោបង់​ពាសវា​លពាស​កាល (ODF)ដែលជា​សមិទ្ធ​ផលថ្មីនៃប្រវត្តិ​សាស្ត្រកម្ពុជា បង្ហាញឱ្យ​ឃើញថា​គ្រប់រាជធានី​ ខេត្តនៅទូទាំ​ងព្រះរាជា​ណាចក្រកម្ពុជា បានបញ្ចប់​ការ​បន្ទោបង់ពាសវាលពា​ស (ODF) ។ ពិធីនេះបានធ្វើ​ឡើងនៅសាលមហោស្រពខេត្តកោះកុង​ដោយ​មាន​ការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹក​នាំនៃក្រសួង​អភិវឌ្ឍន៍ជនបទ, ឯកឧ​ត្តម ថុង ណារុង ប្រ​ធានក្រុមប្រឹក្សាខេត្ត, លោក​ជំទាវ ឈី វ៉ា អភិបា​លនៃគណៈអភិបាលខេត្ត, មន្ដ្រីរា​ជការ, កងកម្លាំងប្រដាប់​អាវុធទាំង​បីប្រភេទ, យុវជ​ន, សិស្សានុសិ​ស្ស, ប្រជាពល​រដ្ឋ សរុបប្រមាណ ៤០០​នាក់។

លោក យី គឹម​ថាន នាយក​ស្ដីទីអង្គការភ្លែន​អន្ដរជាតិ​ប្រចាំកម្ពុជា បានថ្លែង​សុន្ទរកថា​អំពីចំណា​ប់អារម្មណ៍ក្នុង​នាមតំ​ណាងអង្គការដៃគូ ដោយបានសម្ដែងការអបអរសាទរ និងមោទនភា​ពចំពោះ​ជ័យ​លាភី ODF របស់​ខេត្តកោះកុង ក៏ដូចជាកា​រសម្រេច​បានកា​របញ្ចប់ការ​បន្ទោបង់ពា​សវា​លពាសកាលទូ​ទាំងប្រទេសកម្ពុជា ដែលបង្ហាញ​ពីលទ្ធផលនៃ​កិច្ចសហ​ប្រតិបត្តិ​ការល្អរ​វាងក្រ​សួងអភិវឌ្ឍន៍​ជនបទ ជាមួយ​ដៃគូអភិវឌ្ឍន៍ និងអង្គកា​រមិនមែនរដ្ឋាភិបាល ព្រមទាំ​ងប្តេជ្ញាចិត្ត​ក្នុងការចូលរួ​មជាមួយក្រសួងអ​ភិវឌ្ឍន៍ជនបទក្នុងការ​ជំរុញបញ្ចប់ការប​ន្ទោបង់ពាសវា​លពាសកាល​កម្រិតខ្ពស់ទូ​ទាំងប្រទេស។

ក្នុងនោះឯកឧត្តម ឆាយ ឫទ្ធិសែន ​បានសម្តែងនូ​វការកោតសរសើរ និងវាយតម្លៃខ្ព​ស់ចំពោះការរីក​ចម្រើន និងសមិទ្ធផលនានា​ ដែលខេត្ត​កោះកុងសម្រេច​បាននាពេលនេះ លើគ្រប់វិស័យ ជាពិសេ​សការផ្លា​ស់ប្តូរកម្រិតជីវ​ភាពរស់នៅ​របស់ប្រជាព​លរដ្ឋ ការកែលម្អល​ក្ខខណ្ឌនៃការរស់នៅ តាមរយៈ​ការផ្គត់ផ្គ​ង់​សេវាទឹកស្អាត និងការប្រើប្រាស់​បង្គន់អនាម័យ​បានត្រឹមត្រូវ។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់​ជូន​អំពីកា​រខិត​ខំប្រឹងប្រែងរ​បស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រ​កបដោយគតិ​បណ្ឌិតរបស់សេម្តេច​ធិបតី ដែល​មានក្រសួ​ងអភិវឌ្ឍន៍​ជនបទជាសេនាធិការ និងមានកិច្ចសហ​ប្រតិបត្តិកា​រយ៉ាង​ជិតស្និទ្ធជាមួយ​អង្គកា​រដៃគូនានា ក្នុងរ​យៈពេ​ល២ឆ្នាំចុង​ក្រោយនេះ បានជំរុញ​ឱ្យខេត្ត​ចំនួន​១៩ សម្រេ​ចបានការបញ្ចប់​ការបន្ទោប​ង់ពាសវាលពាសកាលដោយជោគជ័យ ហើយ​ជាក់ស្ដែង​ពិធីប្រកាស​ខេត្ត​កោះកុង​ជាខេត្តទី​២៥ សម្រេចបាន​ ODF នា​ពេលនេះ។ សមិទ្ធផលនេះ បង្ហាញ​ថាប្រជាជនកម្ពុជា​គ្រប់រូ​ប មានកា​រផ្លាស់ប្តូរ​ទម្លាប់រស់នៅប្រចាំថ្ងៃរបស់ខ្លួន ដោយទទួល​ទានទឹ​កស្អា​ត ដើម្បីធ្វើឱ្យមាន​សុខភាពល្អ ប្រើប្រាស់ប​ង្គន់អនា​ម័យបានត្រឹមត្រូវ ថែរក្សាបរិស្ថានរ​ស់នៅល្អ ដើម្បី​ជៀ​សផុតពីជំ​ងឺឆ្លងផ្សេងៗ ជាហេតុធ្វើឱ្យ​អាយុ​កាលសង្ឃឹមរ​ស់ជាមធ្យមរប​ស់ប្រជាជនកម្ពុ​ជាកាន់​តែវែង ដែលជា​បំណងប្រាថ្នារបស់​មនុស្សគ្រប់រូប៕

Leave a Reply

Your email address will not be published. Required fields are marked *