បុណ្យកឋិនទានសាមគ្គី​ វត្តគីរីធម្មបទខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ស្របពេលនៃពិធីបុណ្យរដូវកាល​ កឋិនទាន​ ឆ្នាំ២០២៥​ ចូលមកដល់ចាប់ពី​ថ្ងៃទី៨​ ខែតុលា​ ឆ្នាំ២០២៥​ រហូតដល់ថ្ងៃទី​៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ ដែលមានរយៈពេលកំណត់​ ត្រឹមតែ​ ២៩ថ្ងៃ​ ចំពោះ​វត្តនីមួយៗ​ អាចទទួលបានតែម្ដងប៉ុណ្ណោះ។ និយាយ​ ជារួមនិងនិយាយដោយឡែក​ សម្រាប់ថ្ងៃដំបូងទី​៨​ ខែតុលា​ ឆ្នាំ២០២៥​ បងប្អូនប្រជាពុទ្ធបរិស័ទ​ ជិតឆ្ងាយ​ ពិសេសក្រុមអាជីវករ​ ក្រុង​ សិរីសោភ័ណ​ និងម្ចាស់វេណទាំង​ ១៤​ បានមូលមតិគ្នាជាឯកច្ឆន្ទ​ គឺផ្ដើមបុណ្យកឋិន​ទានសាមគ្គីទៅ​វេរប្រគេនព្រះសង្ឃ​ ដែលគង់ចាំព្រះវស្សា​ អស់កាលត្រីមាស​ ក្នុងវត្តគិរីធម្មបទ​ ខ្លាកូនថ្មី​ ស្ថិតនៅក្នុងសង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ​ ហើយកម្មវិធីបុណ្យ​ មានក្រុងពាលី​ នមស្ការ​ ព្រះរតនត្រៃ​ ចម្រើនព្រះបរិត្តសម្ដែងព្រះធម៌ទេសនានៅរសៀលថ្ងៃទី​៧​ ខែតុលា​ ឆ្នាំ២០២៥​ ដល់ថ្ងៃទី​៨​ ខែឆ្នាំដដែល បានរៀបចំពិធីដង្ហែអង្គកឋិនទានសាមគ្គី​ ចេញពីវត្ត​ សមាធិផល​ ឆ្ពោះទៅ​កាន់វត្ត​ គិរីធម្មបទ​ ខ្លាកូនថ្មី​ ប្រទក្សិណ​ បីជុំ​ ធ្វើពិធីប្រគេនដល់ព្រះសង្ឃ​។

កឋិនទាន គឺជាបុណ្យប្រពៃណី​ ព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង ទី១. ប្លែកដោយកាល គឺជាកា​លទាន ក្នុងមួយឆ្នាំធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយ​ទទួលបានក​ឋិនតែ១ដងប៉ុណ្ណោះ ទី២.ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេ​ធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគម្បី​ធ្វើឱ្យត្រូវតាមវិ​ន័យបញ្ញត្តិ ហើ​យព្រះសង្ឃត្រូវក្រាលគ្រង ឱ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤. ប្លែកដោយប​ដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដែលនៅចាំព្រះវស្សា គ្រប់៣ខែ ដោយមិនដាច់វស្សាទើ​បទទួលក្រាល​គ្រងបាន ទី៥.ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន អ្នកធ្វើទទួល​បានអានិសង្ស ៥យ៉ាងគឺ ១.មានប្រាជ្ញាក្លៀវក្លាមុះមុត ២.មានពណ៌សម្បុរល្អ ៣.មានរូបល្អ ៤.មាន ទ្រង់ទ្រាយល្អ ៥.នឹងបានជាស្តេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ។ ចំណែកបដិគ្គា​ហកៈអ្នក​ទទួ​លក៏បាន អានិសង្ស ៥ដូចគ្នាគឺ ១.គឺត្រាច់ទៅទីណាមិនបាច់លាភិក្ខុផងគ្នា ២.ត្រេចទៅណា មិនបាច់យកត្រៃចីវរគ្រប់ ៣.ឆាន់គណភោជនបាន ៤.ទុកដាក់អតិរេកចីវរបានតាមត្រូវការ .ចីវរណា​ដែល​កើតឡើងក្នុងអាវាសនោះ ចីវរនោះ នឹងមានដល់ភិក្ខុទាំងនោះ។

ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចទទួលបាន នូវបរិវាកឋិនរួមមាន សម្ភារៈ ថវិកា សម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗ មានដូចជា ព្រះវិហារ កុដិ ឧបដ្ឋានសាលា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យ សង្គមកិច្ចជាដើម។

បុណ្យកឋិនទានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម៖

. ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម

. ដើម្បីទ្រទ្រង់​ព្រះ​ពុទ្ធសាស​នាឱ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង

. ដើម្បីផ្តល់កម្លាំងកាយ ចិត្ត ដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ

. ដើម្បីបានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ

. ដើម្បីកុំឱ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន។

បច្ច័យ​ដែលទទួល​បា​ក្នុង​ អង្គឋិនទាននេះ​ ប្រាក់រៀលចំនួន​ ៣៣​ ៦២៤​ ៥០០៛​ ប្រាក់​ ដុល្លារ​ ៧១០$ និង​ ៥១​ត្រៃ៕

Leave a Reply

Your email address will not be published. Required fields are marked *