អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា សហការជាមួយអង្គការជនពិការកម្ពុជា បើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការលើកកម្ពស់សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការយល់ដឹងជាសាធារណៈ និងការរាយការណ៍អំពីប្រព័ន្ធផ្សព្វផ្សាយដែលរួមបញ្ចូលលើបញ្ហាពិការភាព

(ភ្នំពេញ)៖អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) មានបទពិសោធន៍ជាង ៣០ឆ្នាំក្នុងការលើកស្ទួយសមភាពយេនឌ័រ សេរីភាពនៃការបញ្ចេញមតិ និងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ជាស្ថាប័នលើកកម្ពស់ការយល់ដឹងអំពីសមភាពពិការភាព ក្នុងចំណោមអង្គភាពនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសកម្ពុជា និងនាយកដ្ឋានព័ត៌មានតាមបណ្តាខេត្តនានា ។ លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកា ប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការលើកកម្ពស់សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការយល់ដឹងជាសាធារណៈ និងការរាយការណ៍អំពីប្រព័ន្ធផ្សព្វផ្សាយដែលរួមបញ្ចូលលើបញ្ហាពិការភាព នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

លោកស្រី នាយិកា ប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានបន្តថា ដោយមានការគាំទ្រពីអង្គការយូណេស្កូប្រចាំនៅកម្ពុជា អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានសហការ ជាមួយអង្គការជនពិការកម្ពុជា (CDPO) បាននឹងកំពុងផ្តល់ការកសាងសមត្ថភាព ធ្វើការពិគ្រោះយោបល់/កិច្ចសន្ទនា និងការលើកកម្ពស់សិទ្ធិមានពិការភាពតាមរយៈកម្មវិធីវិទ្យុ ការពិភាក្សា និងការតស៊ូមតិតាម ប្រព័ន្ធផ្សព្វផ្សាយ។ គំនិតផ្តួចផ្តើមទាំងនេះរួមចំណែកដល់ការអនុវត្តច្បាប់ស្តីពីការការពារ និងការលើក កម្ពស់សិទ្ធិជនមានពិការភាព ដោយផ្អែកលើសៀវភៅណែនាំរបស់អង្គការយូណេស្កូសម្រាប់សមភាព ពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ។

នាឱកាសនោះឯកឧត្តមបណ្ឌិត ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងការកោតសរសើរដល់អង្គការខាងលើដែលជួយលើកស្ទួយដល់ជនមានពិការភាពពិសេសវិស័យពត៌មាននេះតែម្តងគឺជួយអោយជនមានពិការភាពបានជ្រាបពីពត៌មានពិតនៅក្នុងសង្គម។

ដើម្បីលើកកម្ពស់សិទ្ធិនិងសេចក្តីថ្លៃថ្នូរបស់ជនមានពិការភាព ឯកឧត្តមអនុរដ្ឋលេខាធិការថ្លែងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ និងជានិយាមអប្បបរិមាសម្រាប់សកម្មភាពផ្សព្វផ្សាយក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ផ្នែកទី៤ ស្តីពីគណនេយ្យភាពសង្គម ចំណុចទី១៣ បានចែងថា « អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ មិនត្រូវឆ្លៀតឱកាសកេងចំណេញលើភាពទន់ខ្សោយ ភាពងាយរងគ្រោះ អសមត្ថភាពផ្លូវចិត្ត ឫរាងកាយរបស់បុគ្គលណាម្នាក់ឫក្រុមណាមួយដើម្បីផ្សព្វផ្សាយ មិនត្រូវប្រើពាក្យរិះគន់ ឫបណ្តុះបង្អាប់ប៉ះពាល់ដល់ជន មានពិការភាព តម្លៃស្ត្រីនិងកុមារ អ្នកជំងឺផ្លូវកាយនិងផ្លូវចិត្តជាដើម។ក្រោយពីបានបញ្ចប់កិច្ចពិភាគ្សានេះសិក្ខាកាមទាំងអស់មានយល់ដឹងបានច្រើនអំពីការផ្សព្វផ្សាយអោយស៊ីជម្រៅពាក់ព័ន្ធនិងជនមានពិការភាពពិសេសការលំបាកទទួលបានពត៌មានពិតនៅក្នុងសង្គមជាតិ។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលាថ្នាក់ជាតិនេះមានអ្នកចូលរួមចំនួន៥០នាក់ (៥០%ជាស្ត្រី)មកពីតាមបណ្តាខេត្តទូទាំងប្រទេស ដែលមានមកពីសហគមន៍ ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន អង្គការជនពិការ (OPDS) ជនមានពិការភាព (PWDS) និងតំណាងមកពី ក្រសួងព័ត៌មាន និងក្រុមប្រឹក្សាសកម្មភាពជនពិការ (DACS)ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *