ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សអមដំណើរដោយលោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិក និងលោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចូលរួមគោរពវិញ្ញាណក្ខន្ធនិងប្រគល់ថវិកាចំនួន៧,៣៦០,០០០រៀល ក្នុងនោះថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,០០០,០០០រៀល និងថវិការបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន១,៣៦០,០០០រៀល យកមកប្រគល់ជូនដល់តំណាងគ្រួសារសពលោកអនុសេនីយ៍ឯក រ៉ុនរ៉ន មន្ត្រីប៉ុស្តិ៍នគបាលការពារព្រំដែនក្បាលស្ពាននៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដែលបានទទួលមរណភាពដោយជំងឺរលាកក្រពេះសពបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះលោកឧត្ដមសេនីយ៍ត្រី វង្ស វិត បានពាំនាំការចូលរួមមរណទុក្ខនិងចូលរួមសោកស្ដាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសពពីសំណាក់លោកឧត្ដមសេនីយ៍ទោ ស្នងការ ចំពោះការបាត់បង់ប្តី ឪពុក ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងធ្លាប់ផ្ដល់នូវព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារនាគ្រាកន្លងមក។
ជាចុងក្រោយលោកសូមឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធក្នុងលោកសូមជួយដឹកនាំវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ឯក រ៉ុន រ៉ន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

