ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា

ខេត្តក្រចេះ៖ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល-ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឲ្យឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា ។ដែលពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងសាលាបឋមសិក្សា-អនុវិទ្យាល័យគោលាប់ ស្ថិតនៅក្នុងភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីអភិបាលស្រុក មន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់គ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជិត ២០០នាក់។

នាឱកាសនោះលោក យិន វណ្ណ: អភិបាលស្រុកចិត្របុរី បានមានប្រសាសន៍ណែនាំទៅកាន់បងប្អូនប្រជាពលរដ្ឋដែលមានចម្ងល់ និងបញ្ហាប្រឈមផ្សេងៗ សូមឱ្យលើកឡើងនៅពេលនេះដើម្បីឲ្យថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរមូលដ្ឋានធ្វើការបកស្រាយ និងដោះស្រាយជូន ។

ជាមួយគ្នានេះដែរឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី បានមានប្រសាសន៍ថា វេទិកាសាធារណៈនេះ មានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ បើមានចម្ងល់ និងបញ្ហាប្រឈមផ្សេងៗ អាចឡើងសួរ និងសំណូមពរបាន ដោយសារនៅទីនេះមានលោក លោកស្រី ដែលជាមន្ទីរតំណាង ចំណុះឲ្យខេត្ត មានដូចជា មន្ទីការងារនិងបណ្តុះបណ្ដាលវិជ្ជាជីវៈ មន្ទីរកសិកម្ម និងមន្ត្រីជំនាញផ្សេងៗ ។ទន្ទឹមនេះឯកឧត្តម បានបញ្ជាក់ថា ក្នុងអាណត្តិរបស់ឯកឧត្តម នេត្រ ភក្រ្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ បានចាត់តាំងឲ្យឯកឧត្តមបណ្ឌិត ដឹកនាំចុះជួយស្រុកចិត្របុរីនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកសម្របសម្រួល និងពាំនាំអ្វីមួយពីថ្នាក់ជាតិ មកថ្នាក់មូលដ្ឋាន ពីថ្នាក់មូលដ្ឋាន ទៅថ្នាក់ជាតិ ។ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រុមការងារថ្នាក់ជាតិមកនេះមិនមែនមកជ្រៀតជ្រែក ឬបណ្ដើមការងាររបស់រដ្ឋបាលមូលដ្ឋានថ្នាក់ក្រោមជាតិនោះទេ តែផ្ទុយទៅវិញ គឺជួយសម្របសម្រួល និងពាំនាំអ្វីមួយពីថ្នាក់ជាតិ មកថ្នាក់មូលដ្ឋាន ពីថ្នាក់មូលដ្ឋាន ទៅថ្នាក់ជាតិទៅវិញទេ។

ក្នុងនោះប្រជាពលរដ្ឋបានលើកឡើងជាសំណួរ និងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ភ្លាមនោះថ្នាក់ដឹកនាំក៏ដូចជាមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន បានធ្វើការបកស្រាយយ៉ាងយកចិត្តទុកដាក់ធ្វើឲ្យប្រជាពលរដ្ឋអស់ចម្ងល់ ទទួលយក និងសាទរហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *