អភិបាលខេត្តប៉ៃ​លិន បន្តសំណេះសំ​ណាល​ជាមួយ​បងប្អូនព​លករខ្មែរដែល​វិលត្រឡ​ប់ពីប្រទេសថៃ នៅ​សង្កាត់ប៉ៃលិន​ជិត២០០នាក់

ប៉ៃលិន៖លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ ព្រ​ម​ទាំងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំ​ណេះសំណា​លសួរសុ​ខទុក្ខ ដោយផ្ទាល់ ជាមួយបងប្អូនពលករ ខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ចំនួន ១៦០នាក់ នៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក្រោមការយកចិត្តទុកដាក់យ៉ាងកក់ក្ដៅ ពីសំណាក់អាជ្ញាធរ ខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍នាំ​មកនូ​វក្ដីនឹករលឹក និងសេចក្ដីស្រលាញ់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះ​ប្រជាពលរដ្ឋ ដែលត្រឡប់មក ពីប្រទេសថៃ ក្នុងគ្រាដែ​លមានការ​ឈ្លានពានពីសំណាក់ក​ងទ័ពថៃ មកលើទឹ​កដីកម្ពុជារបស់យើ​ង ហើយស​ម្តេចទាំងពីរ តែងតែយកចិត្តទុ​កដាក់ចំពោះ​បងប្អូនប្រជាព​លរដ្ឋ គ្រប់កាលទេសៈ ដោ​យមិនទុកពលរដ្ឋណាម្នាក់ចោលដោយមិនបាន ដឹង និងមិនបា​នដោះស្រាយនោះឡើយ

លោកជំទា​វបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍អំពាវនាវដល់បងប្អូនពលករ ដែល​ទើប​ត្រឡប់​មក ពីប្រទេស ថៃវិញ សូមបន្ដស្នាក់នៅ នឹងធ្វើការនៅក្នុងប្រទេសរបស់យើង ព្រោះប​ច្ចុប្បន្ន​នេះ ប្រទេសកម្ពុជា​យើង ក៏មានតម្រូវការ បុគ្គលិក ធ្វើការជាច្រើនផ្នែកផងដែរ ក្នុងពេ​លដែល​បញ្ហាព្រំដែ​ន រវាងប្រទេសកម្ពុជា​ថៃ មិនទាន់ដោះស្រាយរួចរាល់ ការដែលបងប្អូន​ចំណាកស្រុកត្រ​ឡប់ទៅ​ធ្វើការនៅ​ប្រទេសថៃវិញនោះ វាមិនមែនជារឿងងាយស្រួលឡើយ និងអាចជួប បញ្ហាប្រឈម​ជាមួយពួក​ជ្រុលនិយមថៃមួយក្ដាប់តូច ដូច្នេះហើយត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជា​តិខ្មែរតែ​មួយ ដោយងាកមកស្វែងរកការងារធ្វើក្នុងប្រទេសយើង ប្រើប្រាស់ផលិតផលរបស់យើង រួមគ្នាពង្រឹងខឿនកា​រពារជាតិ និងខឿនសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃពីប្រមុខរា​ជរដ្ឋាភិបាល​កម្ពុជារបស់យើង។

លោកជំទាវបណ្ឌិ​តអភិបាលខេត្ត បានមានប្រសាសន៍រំលឹកថា៖ កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានណែ​នាំឱ្យក្រ​សួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុង​ប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេ​សយើងនៅខ្វះកម្លាំ​ងពលក​ម្មជាមធ្យមជាង ៧ម៉ឺននាក់ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ត្រៀមលក្ខ​ណៈ​ក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរ ដែលត្រូវត្រឡប់មកវិញក្នុងការ សម្រួល ជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យមើលលទ្ធភាពក្នុង​ការជួយ​សម្រា​លបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ ដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែ​លមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាម លទ្ធភាព ឬ ក្នុងមួយរ​យៈ​ពេលកំណត់ណាមួយដែលអាចធ្វើទៅបាន

បើតាមរបាយការណ៍របស់លោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជា​ជីវ:ខេត្តប៉ៃលិ​ន បានឱ្យដឹងថា៖ គិតមកដល់ដើមខែកញ្ញាឆ្នាំ២០២៥នេះ នៅខេត្តប៉ៃលិន មានពលករត្រឡប់មក​ពីប្រទេសថៃ មាន​ចំនួន ១៥០២នាក់ និងជួយរកការងារធ្វើ បាន ចំនួន ៧៥៩នាក់ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *