ខេត្តកណ្តាល៖ ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីកសិកម្មឃុំ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរកសិកម្មខេត្តកណ្តាល មន្ត្រីរាជការ និងមន្ត្រីកសិកម្មឃុំ សរុបចំនួន៧៦នាក់។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាព ដល់មន្ត្រីកសិកម្មឃុំលើការងារ សំខាន់ៗដូចជា ការត្រៀមបង្ការ និងតាមដាន គ្រោះមហន្តរាយ ការប្រមូលទិន្នន័យ និងរាយការណ៍ អំពីគ្រោះមហន្តរាយក្នុងឃុំគោលដៅ ការកសាងសមត្ថភាពគាំទ្រកសិករ ក្នុងការត្រៀមបង្ការ និងបន្ធូរបន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយ ៕