បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវជាស្វាមីលោកជំទាវ បានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ វេលា ម៉ោង១៨:០០នាទីល្ងាច ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ ពិធីគោរពវិញ្ញាណក្ខន្ធនេះប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសពភូមិផ្ទះលេខ២២៨ ផ្លូវព្រះសីហនុ ភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមសម្តែងនូវសមានទុក្ខដ៏មហា ក្រៀមក្រំបំផុត និងតក់ស្លុតក្នុងចិត្តជាអនេកប្បការចំពោះដំណឹងដ៏ក្រៀមក្រំនូវការទទួលមរណភាពរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជា អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា។
លោក ឃ្លោក នួយ បានបញ្ជាក់ថា មរណភាពរបស់ឯកឧត្តមឧត្តមសេនីយ៍ឯកច័ន្ទ លំផាត់ គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងដ៏ជាទីគោរពស្រឡាញ់បំផុតរបស់លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ ដ៏គួរឱ្យសោកសង្រេង និងអាឡោះអាល័យ ហើយក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនដ៏ឆ្នើម មួយរូបដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់ កាលៈទេសៈ ជាពិសេសឯកឧត្តមបានអនុវត្តភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការជួយកិច្ចការសមាគមអតីតយុទ្ធជន កម្ពុជាយ៉ាងសកម្ម។
ក្នុងវេលាប្រកបដោយសមានទុក្ខភាពក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវក្តីក្រៀមក្រំ យ៉ាងក្រៃលែង និងពោរពេញដោយសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកទុក្ខជូនចំពោះក្រុមគ្រួសារសព និងញាតិសារលោហិតទាំងអស់៕