(បន្ទាយមានជ័យ)៖បរិស្ថានគឺជាអ្វីៗ ជុំវិញខ្លួនយើង យើងទាំងអស់គ្នាជាអ្នកថែរក្សារបរិស្ថាន ការថែរក្សារបរិស្ថាន គឺផ្ដើមចេញពីខ្លួនយើង។លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ មានប្រសាសន៍បែបនេះ ក្នុងពិធីយុទ្ធនាការអនាម័យបរិស្ថាន និងដាំកូនឈើ ក្នុងទីប្រជុំជនក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ពិធីនេះបានធ្វើឡើងនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិពង្រសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមពីលោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត លោក លោកស្រីក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង សង្កាត់ទាំង៧ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ ក្រុមការងារអភិវឌ្ឍយុវជន និងស.ស.យ.ក.ក្រុង ព្រមទាំងក្រុមហ៊ុនប្រមូលអនាម័យសំរាម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
ក្នុងឱកាសនោះលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានមានប្រសាសន៍លើកឡើងដោយបញ្ជាក់ថា៖យុទ្ធនាការនេះគឺដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ឱ្យយកចិត្តទុកដាក់ចូលរួមការពារបរិស្ថាន អនាម័យភូមិឋាន បែងចែកសំរាម និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីសោភណ្ឌភាព និងបរិស្ថានរស់នៅស្អាតនៅទូទាំងក្រុង។
ទន្ទឹមជាមួយគ្នានោះគណៈអធិបតីព្រមទាំងលោក លោកស្រីក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង សង្កាត់ទាំង៧ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ ក្រុមការងារអភិវឌ្ឍយុវជន និងស.ស.យ.ក.ក្រុង ព្រមទាំងក្រុមហ៊ុនប្រមូលអនាម័យសំរាម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានធ្វើសកម្មភាពប្រមូលកាកសំណល់ប្លាស្ទិក និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីធ្លាសាធារណ:ផងដែរ៕