ខេត្តបន្ទាយមានជ័យ៖“ប្រទេសដែលរីកចម្រើនខ្លាំងគឺជាប្រទេសដែលមានធនធានមនុស្សខ្លាំងរៀនហើយរៀនទៀត រៀនមួយជីវិត“ ។លោកស្រី គឹម សុជាតា ជនជាតិកូរ៉េខាងត្បូង និងជានាយិកាសាលាវិទ្យាល័យ ហា ឆាន់ ខាំ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
មានប្រសាសន៍លើកឡើងបែបនេះនៅក្នុងពិធីបញ្ចប់ការសិក្សារបស់សិស្សានុសិស្សថ្នាក់ទី១២ ជំនាន់ទី១ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរង ខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងលោក គីម យ៉ុងអ៊ុក ប្រធានអង្គការ ហា ឆាន់ ខាំរបស់ ខាងត្បូងប្រចាំនៅកម្ពុជា។
លោកស្រី គឹម សុជាតា បានមានប្រសាសន៍ថា សិស្សថ្នាក់ទី១២ ជំនាន់ទី១ របស់វិទ្យាល័យ ហា ឆាន់ ខាំ ដែលត្រូវបានរៀបចំពិធីបញ្ចប់នៃការសិក្សា ថ្នាក់ទី ១២នេះ សរុបចំនួន ១៥នាក់ ហើយត្រូវចំណាយពេលនៃការសិក្សារយៈពេល១៤ឆ្នាំ រួមមាន មត្តេយ្យសិក្សា ចំនួន២ឆ្នាំ បឋមសិក្សាចំនួន ៦ឆ្នាំ អនុវិទ្យាល័យចំនួន៣ឆ្នាំ និងវិទ្យាល័យចំនួន៣ឆ្នាំ ថ្ងៃនេះត្រូវទទួលបាននៅបណ្ណសរសើរ និងប័ណ្ណសិក្សាបន្តនៅថ្នាក់ឧត្តម តាមជំនាញផ្សេងៗបន្តទៀត។
លោក គឹម យ៉ុង អ៊ុក និង លោក លី សុវណ្ណារិទ្ធ បានមានប្រសាសន៍កោតសរសើរដោយស្មោះចំពោះនាយិកាវិទ្យាល័យហា ឆាន់ ខាំ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងបង្ហាត់បង្រៀនដល់ប្អូនប្អូនសិស្សានុសិស្សទទួលបានលទ្ធផលល្អ រៀនពូកែមានវិន័យសីលធម៌ល្អ ព្រោះថា ការសិក្សារៀនសូត្រតែមានរយៈពេលច្រើនឆ្នាំដែលប្អូនៗ បានសិក្សារៀនសូត្របាន ដោយអាណាព្យាបាលបានខិតខំប្រឹងប្រែងរកស៊ី ចំណាយទ្រព្យធនជាច្រើនដើម្បីឲ្យកូនៗបានសិក្សារៀនសូត្រខាងចំណេះដឹង ទៅជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ផ្ទាល់ខ្លួនគ្រួសារក៏ដូចជាសង្គមជាតិទាំងមូល។
លោក លី សុវណ្ណារិទ្ធ បានមានប្រសាសន៍ ថ្លែងនូវអំណរគុណផងដែរចំពោះអង្គការ ហា ឆាន់ ខាំ ដែលមានលោក គឹម យ៉ុងអ៊ុក ដែលជាប្រធានតែងតែជួយដល់ការសិក្សា វិស័យអប់រំ និងចូលរួមជួយដល់វិស័យសុខាភិបាល វិស័យមនុស្សធម៌ ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្របានមួយផ្នែកផងដែរ ។ ចុងក្រោយ គណៈអធិបតី បានប្រគល់នូវវិញ្ញាបណ្ឌប័ត្រ បណ្ណសរសើរ និងជូនកាដូអនុស្សាវរីយ៍ ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូផងដែរ ៕